ជិះម៉ូតូឆ្លងផ្លូវដែក មិនប្រយ័ត្នរថភ្លើងបើកបុ..ក រងរបួសធ្ង..ន់

រាជធានីភ្នំពេញ ៖ 

បុរសជាកម្មករកាប់ជ្រូកម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវដែកមិនប្រុងប្រយ័ត្នត្រូវបានរថភ្លើងខ្សែដឹកអ្នកដំណើរបើកបុក រងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវដែក ក្នុងភូមិប៉ប្រ៉ងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ជាមួយភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ស្នាក់នៅកន្លែងទីសត្តឃាត ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តសៀមរាប ។


តាមប្រភពនៅកន្លែងបានឱ្យដឹងថា ជនរងគ្រោះ នៅរាល់វេលាជិតភ្លឺ ក្រោយបញ្ចប់ការងាររួចតែងតែនាំគ្នាផឹកស្រា រួចបានទៅផ្សាររកហូបអ្វីជាក្រោយ ហើយមុនកើតហេតុ ជនរងគ្រោះផឹកស្រាហើយ ជិះម៉ូតូម៉ាកស៊ូរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងបំណង់ទៅផ្សារពោធិ៍ចិនតុង ដោយធ្វើដំណើរតាមផ្លូវក្នុងភូមិពីជើងទៅត្បូង ឆ្លងកាត់ផ្លូវរថភ្លើង មិនប្រយ័ត្ន ស្របពេលដែលរថភ្លើងខ្សែដឹកអ្នកដំណើរបើកពីកើតទៅលិច បុកប្លោងខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ បែកក្បាល បាក់ជើងឆ្វេង រថភ្លើងឈប់ បុគ្គលិកចុះមើលមួយសន្ទុះ បើកបន្តបើកចាកចេញទៅបាត់ ។


តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ពេលដែលរថភ្លើងបើកមក សុីផ្លេ ហើយសុីផ្លេទៀត ជនរងគ្រោះនៅតែហ៊ានជិះម៉ូតូឆ្លងពីដីខណ្ឌសែនសុខចូលដីខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុករងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាតមួយកំណាត់ក្រោយ ត្រូវបានក្រុមកម្មករកាប់ជ្រូកដូចគ្នាយកទៅរក្សាទុក ៕