រថយន្តចំនួន២គ្រឿងកៀរគ្នា ខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀង រងការខូចខាត

ខេត្តសៀមរាប :

កាលពីវេលាម៉ោង៤:៣៥នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀងរវាង រថយន្តធុនធំសណ្តោងរ៉ឺម៉កម៉ាក ហ៊ីយ៉ាន់ដាយ  ចំនួន១គ្រឿង និង រថយន្តម៉ាក Lexus RX300 ចំនួន១គ្រឿង  កៀរគ្នា បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាត តែជាសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៣-៣៥៤ លើស្ពានព្រីង ភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀង រថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ  ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1615 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-1785 ចំនួន១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ត្រង់ចំណុចកើតហេតុខាងលើ រេចង្កូតរថយន្តទៅខាងឆ្វេង ស្របពេលដែលរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-6396 បើកបរដោយឈ្មោះ ម៉េង សាម៉េត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុង ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បម្រុងវ៉ាជែង ស្រាប់តែជ្រុលកៀរគ្នា រេចង្កូតរថយន្តរអិលទៅបំណែកផ្លូវម្ខាងទៀត បុករបាដែក បាក់អស់មួយផ្ទាំង រថយន្តម៉ាក Lexus RX300 រអិលវិលត្រឡប់ក្រោយ  បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាត តែជាសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ ធ្វើការពិនិត្យមើលកន្លែងកើតហេតុ រួចយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕