បើករថយន្តងោកមួយភាំង បុ...ករះកន្លែងលក់បាយ បន្តបុ...កម៉ូតូអ្នកលក់ត្រីចំហ៊ុយរបួ..សធ្ងន់ រួចបុ...កចូលផ្ទះលក់ចាប់ហួយ ខ្ទេ...ចរប៉ាត់រប៉ាយទាំងព្រឹក

 រាជធានីភ្នំពេញ ៖

រថយន្តម៉ាកណាវ៉ារ៉ាមួយគ្រឿង អ្នកបើកបរងោកមួយភាំង រេចង្កូតបុកចូលកន្លែងលក់បាយ បន្តបុកម៉ូតូបុរសអ្នកលក់ត្រីចំហ៊ុយបណ្តាលឲ្យរបួសធ្ងន់ រួចមិនទាន់អស់ល្បឿន បុកចូលផ្ទះលក់ចាប់ហួយខ្ទេចរបស់របរ រប៉ាត់រប៉ាយ និងខ្ទេចរថយន្តមួយកំណាត់មុខ យ៉ាងដំណំតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្ងូនប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ណាវ៉ារ៉ា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BV-0864 បើកបរដោយបុរសម្នាក់ មានវ័យជិត៥០ឆ្នាំ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ អ្នកបើកបរបាននិយាយថា គាត់ងោកមួយភាំង ក៏រេចង្កូតមកបុក ចូលកន្លែងលក់បាយរងការខូចខាត បន្តបុកម៉ូតូបុរសអ្នកលក់ត្រីចំហ៊ុយ បណ្តាលឲ្យរបួសធ្ងន់ រួចរថយន្តមិនទាន់អស់ល្បឿន បុកចូលផ្ទះលក់ចាប់ហួយខ្ទេចរបស់របរ រប៉ាត់រប៉ាយ របួសឪពុកម្ចាស់ផ្ទះស្រាល និងខ្ទេចរថយន្តមួយកំណាត់មុខ យ៉ាងដំណំតែម្តង។ ភ្លាមៗអ្នកបើករថយន្តខាងលើ ត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ពងទឹក ។

ជុំវិញករណីនេះ ភ្លាមៗគេឃើញមានទាំងនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកពិនិត្យ ជួយសម្រួលចរាចរណ៍ និងធ្វើការវាស់វែង នៅទីតាំងកើតហេតុ ដោយទុកពេលឲ្យភាគីខាងរថយន្ត សម្របសម្រួលជាមួយភាគីទាំង៣ មួយជំហ៊ានសិន បើមិនត្រូវរ៉ូវគ្នាទេ ទើបសមត្ថកិច្ចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តទៀត៕