About Me

header ads

ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច​ រត់គេចតែមិនរួច ជាប់ខ្នោះរបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

 រាជធានីភ្នំពេញ ៖ 

យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​២១និង១៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​លេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់បានធ្វើសកម្មភាព​ឆក់​ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងឈប់ម៉ូតូបានសម្រេច ។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវថ្នល់រទេះភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ​ ម៉ឹង​ វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវថ្នល់រទេះភ្លៀង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់)។ រីឯឈ្មោះ​ ជាតិ​ ដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ ។ សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាក​លេខ​កណ្តាល1J-3063(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12pro max ពណ៌ខៀវ (របស់ជនរងគ្រោះ)។ទូរស័ព្ទខាងលើកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីរងគ្រោះវិញ ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕