រថយន្តដឹកសំរាម កំពប់ហូរប្រេងខ្លាញ់ពីរថយន្ត ហៀរពេញលើផ្លូវលេខ ២១៧ រអិលដួលអ្នកដំណើរ អាជ្ញាធរចេញរថយន្ត បាញ់លាងសម្អាតតាមផ្លូវ កុំឲ្យរអិលដួលបន្ត

 រាជធានីភ្នំពេញ​៖ 

ក្រោយមានករណី រថយន្តដឹកសំរាម កំពប់ហូរប្រេងខ្លាញ់ពីរថយន្ត ហៀរពេញលើផ្លូវលេខ ២១៧ បណ្តាលឲ្យរអិលដួលម៉ូតូរបស់អ្នកដំណើរជាច្រើនគ្រឿង រងការខូចខាត និងខ្លះរបួសស្រាលផងនោះ នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំពីលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បានចាត់ឲ្យលោក ហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ បន្តចុះពិនិត្យជុំវិញករណីនេះ ។

ក្នុងនោះ លោក ហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ បានចេញរថយន្តក្រុមហ៊ុន Mizuda ចំនួន ០១ គ្រឿង អោយធ្វើការបាញ់ទឹកលាងសម្អាតផ្លូវសាធារណៈ ដែលមានកំពប់ហូរប្រេងខ្លាញ់ពីរថយន្តដឹកសំរាមនានា បង្កអោយគ្រោះថ្នាក់ផ្លូវរអិលដួលម៉ូតូប្រជាពលរដ្ឋ នៅចំណុចផ្លូវបំបែកមុខច្រកផ្លូវចូលទៅទីលានចាក់សំរាមដង្កោ ស្ថិតនៅផ្លូវលេខ២១៧ ភូមិបាគូ ភូមិតាទ្បី សង្កាត់ដង្កោ និង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរឡើងវិញផងដែរ ៕