ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ

 រាជធានីភ្នំពេញ៖ 

យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចរបស់ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ។

កិច្ចប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ ក្នុងនោះរួមមាន ស្លាកលេខក្លែងក្លាយ ប័ណ្ណបើកបររថយន្ត ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក), ប័ណ្ណស្នាក់នៅអន្តោប្រវេសន៍, ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី), អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនគរបាលជាតិ -ល- ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាឈប់បញ្ជាទិញ និងបំពាក់នូវរាល់ស្លាកលេខយានយន្តក្លែងក្លាយ ព្រមទាំងឈប់ប្រើប្រាស់រាល់ឯកសារយានយន្តក្លែងក្លាយគ្រប់ប្រភេទ ដែលផ្ទុយនឹងច្បាប់ ។ ជាពិសេសសូមសាធារណជនទាំងអស់ ឈប់ជឿលើការបង្ហោះផ្សព្វផ្សាយអំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទ ជៀសវាងការចាញ់បោកនានា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈទាំងឡាយដែលនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយច្បាប់ ៕