ឆេះប្រពន័្ធហ្គាសកំដៅមាន់ ឆេះរោងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ខ្ទេចម៉ូតូរថយន្ត៥គ្រឿង ងាប់មាន់១២.០០០ក្បាល គិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លា

 ខេត្តបាត់ដំបង ៖ 

រោងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ ៤២ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានឆេះរថយន្តចំនួន០២គ្រឿង , ម៉ូតូចំនួន០៣គ្រឿង, រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំនួន០២ខ្នង ០៨គុណ៦០ម៉ែត្រ, រោងឡានចំនួន០១ខ្នង១៥ម៉ែត្រគុណ១២ម៉ែត្រ, មាន់ពីរោង១២.០០០ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក ។

ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆេះប្រពន័្ធហ្គាសកំដៅមាន់ ហើយចំពោះករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង ទើបគ្រប់គ្រងបាន១០០% ៕