ឃើញជាស្រីអ៊ីចឹងទេ តែហ៊ានភ្លេចខ្លួន ដឹងតែបាត់ឈឹងហើយ..

 រាជធានីភ្នំពេញ ៖ 

ឃើញជាស្រីអ៊ីចឹងទេ តែហ៊ានភ្លេចខ្លួន ដឹងតែបាត់ឈឹងតែម្តង ខណៈជនសង្ស័យជានារីម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ គាប់ជួនសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កំពុងល្បាតបានឃើញ ឃាត់ខ្លួនបានភ្លាមៗតែម្តង ក្រោយលួចម៉ូតូរបស់គេចបានសម្រេច ហើយជិះរត់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុន ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយ ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួនបាននៅចំណុចគល់ស្ពានព្រែក ជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ជនរងគ្រោះឈ្មោះ សួន ង៉ាំ ភេទប្រុស អាយុ៤១ឆ្នាំ ជមុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CN-7719 មានលេខតួ និងលេខម៉ាស៊ីន9170110 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) និងទូរស័ព្ទដៃម៉ាកOPPO ពណ៌ស្វាយចំនួន០១គ្រឿង (របស់ជនសង្ស័យ) ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-7719 នៅខាងមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមិនបានដកកូនសោរចេញពីម៉ូតូ ហើយជនរងគ្រោះក៏បានឱ្យកូនស្រីឈ្មោះ ង៉ាំ រ៉ូហ្សា អាយុ១៧ឆ្នាំ នៅលក់ដូរនំប៉័ងមុខផ្ទះ រួចជនរងគ្រោះក៏បានយកម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IT-7036 របស់កូនស្រីទៅលក់នំប៉័ងនៅមុខរោងចក្រ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់មកក៏មានជនសង្ស័យជានារីខាងលើ បានធ្វើជាមកទិញនំប៉័ងគៀប រួចកូនជនរងគ្រោះ ក៏បានរៀបចំធ្វើនំប៉័ងគៀបលក់ឱ្យជនសង្ស័យ រួចជនសង្ស័យក៏បានដើរចេញទៅបាត់ ហើយកូនជនរងគ្រោះ ក៏បានដើរទៅធ្វើការងារនៅខាងក្រោយផ្ទះ ។ រហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យជានារីរូបនេះ បានមកធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-7719 របស់ជនរងគ្រោះបញ្ឆេះជិះគេចខ្លួន រួចកូនជនរងគ្រោះ បានលឺសម្លេងបញ្ឆេះម៉ូតូនៅខាងមុខផ្ទះ ក៏បានរត់ចេញទៅមើល ឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនទៅតាមផ្លូវជាតិលេខ២ ពីកើតទៅលិច ទើបកូនរបស់ជនរងគ្រោះ ក៏បានស្រែកឆោឡោថាចោរៗ ដើម្បីឱ្យគេជួយ និងទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសឱ្យជួយអន្តរាគមន៍ ។

ភ្លាមនោះ ក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ក៏បានទៅជួយធ្វើការអន្តរាគមន៍តាមរកជនសង្ស័យ រហូតដល់ចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួច ម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួល ពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕