ករណីឃា.....ត..ក...ម្ម ជនបរទេសម្នាក់ត្រូវបានពលរដ្ឋក្នុងភូមិ វា......យ.រហូតស្លា....ប់ក្នុងបន្ទប់ជួល

 រាជធានីភ្នំពេញ ៖ 

ករណីឃាតកម្ម ដោយបុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែរផ្សារសូរិយាម៉ល លើផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះជាជនបរទេសរូបនោះ បានអង្គុយជក់បានរីនៅខាងលើ ក្បែរបន្ទប់ជួល បន្ទាប់មកពុំដឹងថា បុរសជនបរទេសរងគ្រោះរូបនោះ មានរឿងអ្វី ឬមានបញ្ហាអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀត ស្រ្តីជាម្ចាស់បន្ទប់ជួលឡើងទៅមើលនិងសួរនាំ បែរជាបុរសជនបរទេសរូបនោះទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរូបនោះវាយនឹងញញូរអោយរបួសដូចគ្នា ក្រោយមកទៀត ទើបធ្វើឲ្យអ្នកភូមិ មានកំហឹងយ៉ាងខ្លាំង ក៏បានព្រួតគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះដល់ក្នុងបន្ទប់ជួល ម្នាក់មួយដៃមួយជើង រហូតស្លាប់ក្នុងថ្លុកឈាមតែម្តង ទើបនាំគ្នារត់គេចចេញពីចំណុចកើតហេតុ ។

ទោះបីជាយ៉ាងណា ច្បាប់មានសម្រេចចាត់ការទៅលើបុគ្គលដែលប្រព្រឹត្តិខុស សូមបងប្អូនកុំប្រើអំពើហិង្សា ចៀសវាងពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ អាចក្លាយជាអ្នកមានទោសវិញក៏ថាបាន គួរទុកតួនាទីនេះឲ្យសមត្ថកិច្ច និងច្បាប់ជាអ្នកចាត់ការ ទើបជាការល្អ ។ បន្ទាប់ពីកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ចុះមកដល់ រួចយកខ្សែព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ និងទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ឲ្យចុះមកពិនិត្យទៅលើសព និងដឹកសពទៅតម្កល់ទុកនៅវត្ត រង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយ៕