ក្រុមចោរកា..ប់បុរសម្នាក់របួ...សធ្ង...ន់ប្លន់យកម៉ូតូបានសម្រេច រួចជិះទៅកា...ប់ប្លន់សន្តិសុខម្នាក់ទៀត តែមិនសម្រេច រត់ចោលម៉ូតូ២គ្រឿង

 រាជធានីភ្នំពេញ ៖ 

ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់យុវជនម្នាក់ បណ្ដាលឲ្យរងរបួស រួចបានលើកម៉ូតូជិះរត់គេចខ្លួនទៅដល់ផ្លូវ ២០០៤ ក៏ទាញកាំបិតកាប់ប្លន់ទៅលើសន្តិសុខម្នាក់ តែស៊យត្រូវបានសន្តិសុខខាងលើយកដុំថ្មដេញគប់ និងស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលទាំង២គ្រឿង រត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺ ត្រូវនឹងថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

តាមប្រព័ត៌មានពីមិត្តភក្កិ និងក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែជិះម៉ូតូតាមផ្លូវ ចេញពីផឹកស៊ី ស្រាប់តែម៉ូតូជនរងគ្រោះបែកកង់ខាងមុខ ភ្លាមនោះក៏លេចមុខជនសង្ស័យ២នាក់ ដើរមកសំដៅទៅជនរងគ្រោះ រួចក៏ទាញកាំបិតមកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ រួចក៏លើកម៉ូតូ ជនរងគ្រោះជិះរត់គេចពីផ្លូវ២០០២ ហើយក៏ជិះទៅតាមផ្លូវ២០០៤ ពេលនោះក្រុមជនសង្ស័យក៏ឃើញសន្តិសុខម្នាក់ ដែលឈរនៅយាមនៅមុខក្រុមហ៊ុនមួយកន្លែង ក៏ទាញកាំបិតកាប់ប្លន់សន្តិសុខម្នាក់ទៀត តែមិនបានសម្រេច ក៏ត្រូវបានសន្តិសុខទាញយកដុំថ្មគប់ និងស្រែកឆោឡោថាចោរៗ ឲ្យប្រជាពលរដ្ឋជួយ ទើបជនសង្ស័យទាំងនោះភ័យ ក៏បានផ្ដួលម៉ូតូទាំង២គ្រឿង ហើយក៏នាំគ្នារត់ឡើងម៉ូតូបក្ខពួកជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បាននាំសន្តិសុខដែលជាជនរងគ្រោះទី២ ដែលត្រូវគេប្លន់មិនបានសម្រេច យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង និងម៉ូតូទាំងពីរគ្រឿង។ រីឯជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង ហើយនឹងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ដើម្បីតាមចាប់ជនសង្ស័យទាំងនោះ ដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕