នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៣៣ករណី ទូទាំងប្រទេស

 រាជធានីភ្នំពេញ ៖ 

យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលជាតិមិនដកដៃពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។ ក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ នេះទៀត កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនេះ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់ ។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោមការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំរបស់សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឈរលើគោលការណ៍មនុស្សគ្រប់រូបមានសិទ្ធិនិងទំនួលខុសត្រូវដូចគ្នាចំពោះមុខច្បាប់ និងជាពិសេសដោយមានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចបណ្ដេញមន្រ្តីមួយចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថាបានប្រើប្រាស់គ្រឿងញៀន ៕