យប់មិញប៉ងស.......ម្លា....ប់ខ្លួ...នមិនសម្រេច ព្រឹកឡើងស្លា......ប់បានសម្រេច ...

 រាជធានីភ្នំពេញ ៖ 

មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនកាលពីយប់មិញ មិនបានសម្រេច លុះមកដល់ព្រឹកឡើង ចុះហែលទឹកលេងក្រោមស្ពាន ប៉ុន្តែបែរជាលិចលង់បាត់បង់ជីវិតភ្លាមៗ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្រោមស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានជាជនជាតិចិន ភេទប្រុស អាយុជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណច្បាស់ ។

តាមប្រភពព័ត៌មានពីសន្តិសុខ បានប្រាប់អោយដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បុរសដែលជាជនជាតិចិន បានដើរចេញពីខាងកោះនរា ដោយមានការសង្ស័យសន្តិសុខដែលយាម គល់ស្ពានបានជិះតាមរហូតមកដល់ចំណុចស្ពានហង្ស បុរសរូបនោះបម្រុងលោតទឹកសម្លាប់ តែត្រូវបានសន្តិសុខឃាត់ទាន់ និងបានដេញ បុរសជាជនជាតិចិនចេញពីទីតាំងលើ ។ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១ព្រឹក ក៏បានប្រទះឃើញ ជនរងគ្រោះកំពុងហែលទឹកលេង នៅក្រោមស្ពានហង្ស ភ្លាមៗអ្នករស់នៅខាងក្រោមស្ពានក៏មិនចាប់អារម្មណ៍ ស្មានតែគាត់ហែលទឹកលេង មួយសន្ទុះក្រោយមកក៏បុរសជនជាតិនោះបានលិចចូលទៅក្នុងទឹកបាត់ ខណៈនោះ អ្នករស់នៅក្រោមស្ពាមបាននាំគ្នា៤នាក់ចុះទៅធ្វើការរាវរក ទម្រាំតែឃើញ ជិត៣០នាទី ទើបរាវរកឃើញ យកជនរងគ្រោះទ្បើងមកលើគោក ។ ប៉ុន្តែជាអកុសល ជនជាតិចិននោះបានស្លាប់បាត់ទៅហើយ ទើបពួកគាត់សម្រេចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ គឺស្លាប់ដោយករណីលង់ទឹកពិតប្រាកដមែន ។ និងបានយកសពតម្កល់នៅមន្ទីរពេទ្យ ខ្មែរមិត្តភាពសូវៀត រងចាំក្រុមគ្រួសារមកទទួលយកសាកសពយកទៅធ្វើបុណ្យ ៕