RX330 រេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោល រងការខូចខាតយ៉ាងដំណំ

 រាជធានីភ្នំពេញ ៖ 

នារីស្រស់ស្អាតម្នាក់​ បើករថយន្តឡិចស៊ីស RX330 មួយគ្រឿង មិនប្រយ័ត្ន រេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោល បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ២៨៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាយប់ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរូបស្រស់សោភាម្នាក់ បានបើករថយន្តប្រភេទម៉ាក ឡិចស៊ីស RX330 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AX 7905 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចមុខសាលាបឋមសិក្សាទួលគោក ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោល បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះនារីរូបស្រស់ខាងលើបានឡើងកង់បី គេចបាត់ពីកន្លែងកើតហេតុ។

ក្រោយពីការហេតុ សមត្ថកិច្ចបានមកដល់ បានធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុក នៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់បន្តទៀត ៕