ជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅម្តុំ EDC ជិតវត្តភ្នំ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួន

រាជធានីភ្នំពេញ​ ៖

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ប្រព្រឹត្តនៅចំណុចលើជញ្ចើមផ្លូវលេខ ១៣ ប្រសព្វផ្លូវ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ហេតុការណ៍៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី ជនរងគ្រោះឈ្មោះ អ៊ី ណារី ភេទស្រី ជនជាតិខ្មែរ មុខរបរមន្ត្រីអគ្គីសនីកម្ពុជា បានដើរចេញពីកន្លែងធ្វើការនៅអគ្គិសនីកម្ពុជា ទៅកន្លែងញុំបាយថ្ងៃត្រង់ពេលដើរដល់ចំណុចផ្លូវ៩៤ កែងផ្លូវ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-2587 ជិះម៉ូតូមកឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច។ បន្ទាប់កើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យឈ្មោះ បូរ ប៉ូលីន ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តដឹកឈើ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុងលេខ១៣០ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KJ-2587។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាកIphone 12Pro Max ពណ៌ខៀវ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕