រថយន្ត​ Camry បុករះម៉ូតូកង់បី២គ្រឿង​ ដើមឈើមួយដើម​ បង្គោល​ភ្លើង​បំភ្លឺ​មួយដើម​និងសម្ភារៈមួយចំនួនទៀត របួសមនុស្ស២នាក់​

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់បើករថយន្ត​ Camry មួយគ្រឿង បុករះម៉ូតូកង់បី២គ្រឿង​ ដើមឈើមួយដើម​ បង្គោល​ភ្លើង​បំភ្លឺ​មួយដើម​និងសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងរបួស២នាក់​ នៅលើសួន​ចំណតរថយន្តក្រុង​ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​១និង២០នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៤ នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ ។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្ត​ Camry មួយគ្រឿង ពាក់ស្លាកលេខ ភ.ព2 ឃ4040 ក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុ ក៏បើកបុករះម៉ូតូកង់បី២គ្រឿង​ និងរទេះ ដើមឈើមួយដើម​ បង្គោល​ភ្លើង​បំភ្លឺ​មួយដើម ​និងសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងរបួស២នាក់​ តែម្តង ។ចំណែករថយន្តវិញ ខ្ទេចយ៉ាងដំណំ​ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូកង់បីទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​តាមច្បាប់បន្តទៀត ៕