ផ្ទុះកំប៉ុងហ្គាស ឆេះឃ្លាំងអេតចាយ​មួយកន្លែង​យ៉ាង..សន្ធោសន្ធៅ របួសម្នាក់ ...

 រាជធានីភ្នំពេញ ៖ 

អគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ​ មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។​ ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៤និង៥០នាទីល្ងាច​ ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៤​ ដែលស្ថិតនៅចំណុចឃ្លាំងអេតចាយ​ ផ្លូវ២១៧​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ​ 666​ ថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងអេតចាយ​ មួយកន្លែងនៅខណ្ឌដង្កោ ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកើតហេតុខាងលើ​ ធ្វើការចេញជួយអ​ន្តរាគមន៍​ ដើម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបន្តថា​ ចំពោះកិច្ចប្រតិបត្តិការខាងលើនេះ​ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបន្តទៀតថា​ ចំពោះប្រភេទសំណង់ខាងលើនេះ​ គឺជា​ ថ្មប្រក់ស័ង្កសី ទំហំ​ (៥០ម៉ែត្រ​ x ៦០ម៉ែត្រ​)​ ក្នុងនោះបណ្តាលឲ្យឆេះឃ្លាំង ទំហំ (១០ម៉ែត្រ x ១​០ម៉ែត្រ) ចំនួន០១ឃ្លាំង រួមមានម៉ាស៊ីនគ្រីបកំប៉ុងអេតចាយចំនួន០១គ្រឿង​ និងសម្ភារៈអេតចាយអស់មួយចំនួន​ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក​ ករណីខាងលើ​ ត្រូវបានសមត្ថកិច្ចជំនាញរបស់យើង​ ធ្វើការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៥និង១០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ដោយនៅក្នុងនោះ​ បណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសស្រាល​ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ​ បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យ៕