យុវជនម្នាក់បើកម៉ូតូលឿនដូចហោះ បុ...កលោកតាជិះកង់បត់ឆ្លងផ្លូវពេញទំហឹង លោកតាក៏ស្លា....ប់ អ្នកជិះម៉ូតូក៏របួ..សធ្ង....ន់​

 ខេត្តតាកែវ ៖ 

លោកតាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះកង់តាមដងផ្លូវ បត់ឆ្វេង ហើយត្រូវបានម៉ូតូសង់ ជិះដោយយុវជនម្នាក់ ក្នុងល្បឿនលឿន បុកពេញទំហឹង លោកតាក៏ស្លាប់ អ្នកជិះម៉ូតូក៏របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ៥០ នាទីថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ស្ថិតនៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មួយកើតឡើងរវាង កង់ជិះដោយឈ្មោះ ទូន សំអាង ភេទប្រុស អាយុ ៧១ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបត់ឆ្វេងឆ្លងគន្លងផ្លូវ ទៅលិចមិនប្រយត្ន័ គាប់ជួន ពេលនោះក៏មានម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AS-6085 បើកមកពីទិសខាងត្បូងទៅជើង ដោយឈ្មោះ ខុម ឆៃយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ ព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងទិសដៅស្របទិសគ្នាដោយល្បឿនលឿន គេចមិនផុតក៏បុកកង់លោកតាតែម្ដង បណ្តាលឲ្យលោកតា ស្លាប់យ៉ាងអាណោចអាធ័ម អ្នកជិះម៉ូតូក៏របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកកង់និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕