ក្រុមក្មេ....ងទំ..នើ....ងដើរកាន់ដា....វ និងបង្ហោះម៉ូតូបង្កអុកឡុកក្នុងភូមិជាច្រើននាក់ ត្រូវសមត្ថកិច្ចប្រើធម៌ក្តៅ

 ខេត្តស្វាយរៀង ៖ 

ខ្លួននៅក្មេង ស្ថិតក្នុងភាពយុវវ័យ ផ្លូវល្អមិនដើរ ដើរតែផ្លូវសង្គមមិនគាំទ្រ ប្រព្រឹត្តខ្លួនជាក្មេងទំនើង ដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិ ត្រូវសមត្ថកិច្ចប្រើធម៌ក្តៅ​។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចបញ្ជាក់ថា​នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើងមួយក្រុមដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។

ពេលសមត្ថកិច្ចកោះហៅក្មេងទំនើងមកអប់រំនោះក៏បានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើងនៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខអាណាព្យាបាលអោយយល់ដឹងអំពីកំហុស និងផ្លូវច្បាប់ ។ ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចយើងបានអោយអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត ៕