ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ

 រាជធានីភ្នំពេញ ៖ 

អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៦និង ៣០នាទីល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅក្រុម៤ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆេះនេះមានឈ្មោះ ហ៊ុយ ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: អ្នករត់ម៉ូតូកង់បី បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ឆេះសំណង់ប្រភេទឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx ១០ម៉ែត្រអស់ចំនួន០១ខ្នង ។

ភ្លាមៗកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានចេញរថយន្តការិយាល័យ​អគ្គិភ័យ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពីខាង រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ១២មែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក រហូតរលត់ទៅវិញនៅវេលាម៉ោង៧យប់ នាថ្ងៃខែ ឆ្នាំដដែល ៕