បើកបញ្ច្រាស់ទិសមិនប្រយ័ត្ន បណ្ដាលឱ្យបុក...គ្នាពេញទំហឹង ដួលប្រាវរងរបួស...ធ្ងន់ និងស្រាល៣នាក់

ខេត្តប៉ៃលិន ៖ 

អ្នករត់ម៉ូតូឌុបម្នាក់ បើកបរបញ្ច្រាស់ទិស បណ្ដាលឱ្យបុកជាមួយនឹងម៉ូតូអ្នកដទៃពេញទំហឹង ដួលប្រាវ ធ្វើឱ្យមនុស្សរងរបួសចំនួន០៣នាក់ ធ្ងន់ម្នាក់ ស្រាល០២នាក់ និងខូចខាតម៉ូតូចំនួន ០២ គ្រឿងកម្រិតស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍អ្នករត់ម៉ូតូឌុបបើកបរម៉ូតូបញ្ច្រាស់ទិស បុកគ្នាពេញទំហឹងដួលលើដងផ្លូវ រងរបួសធ្ងន់ស្រាលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃ២០ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានរៀបរាប់ឱ្យដឹងថា ៖ ភាគីបង្កមាន ឈ្មោះ ស៊ីន គា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ (អ្នករត់ម៉ូតូឌុប) រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-7510 (រងរបួសស្រាល) ដោយមានពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរឈ្មោះ ជា បាំង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព។

ចំណែកភាគី ជនរងគ្រោះ មាន ឈ្មោះ ប៉ុល សុភ័ស្រ្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកឃ្លិច ពណ៍ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1 JJ .2392 (រងរបួសស្រាល ) ពាក់មួកសុវត្ថិភាព ។ ក្រោយពីសមត្ថកិច្ចនគរបាល បានធ្វើការវាស់វែងរួច បច្ចុប្បន្ន អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំំណែកឯវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕