បង្ក្រាបករណីឃា..ត....ក...ម្មចា...ក់គ្នាស្លា....ប់ម្នាក់ សមត្ថកិច្ចឃា....ត់ខ្លួនបាន ៣៨នាក់

 រាជធានីភ្នំពេញ ​៖​ 

ការិយាល័យកម្រិតស្រាល និងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហួរម៉េងវ៉ាង អធិការខណ្ឌ បានធ្វើការឡោមព័ទ្ធអាគារខុនដូរព្រីនផ្លាហ្សារមួយកន្លែង ពាក់ព័ន្ធករណីឃាតកម្ម ជនជាតិចិន ដេញចាក់គ្នាស្លាប់ម្នាក់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ សមត្ថកិច្ចឃាត់ខ្លួនបាន ៣៨នាក់ មានទាំងស្រី និងប្រុស បញ្ជូនទៅធ្វើការសាកសួរ ។ ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីវេលាម៉ោង ១យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រហូតដល់ព្រឹកឡើងថ្ងៃទី៣ដដែលទើបបញ្ចប់ ​នៅក្នុង​ខុនដូ​​ព្រីន​ផ្លាហ្សា ជាប់មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ចំណុចផ្លូវដើរជាន់ទី៤ អាគារ១ ក្នុងភូមិសេប៉េសេ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​រាជធានីភ្នំពេញ​ ។

ជុំវិញប្រតិបត្តិការនេះ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថា ពិតជាមានការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់នៅអាគារខាងលើពិតមែន ពាក់ព័ន្ធនឹងករណីឃាតកម្ម ហើយពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបន្តជុំវិញករណីនេះ ។​ សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ LI KUEI HAN ភេទប្រុស ឆ្នាំកំណើត១១-១០-១៩៨៤ ជនជាតិតៃវ៉ាន់ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៣៦៤០២៨៣១២ ស្នាក់នៅអាគារព្រីនស៍ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបំភ្លឺពីឈ្មោះ សូវ សីហា ភេទប្រុស អាយុ២៧ឆ្នាំ បានឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់ទំនាក់ទំនងឲ្យខ្ញុំទិញរបស់របរ និងម្ហូបអាហារឲ្យ, នៅវេលាម៉ោងប្រហែល២៣និង២០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានទំនាក់ទំនងមកខ្ញុំ ពេលខ្ញុំទៅដល់អគារជនរងគ្រោះស្នាក់នៅឃើញជនរងគ្រោះ និងគ្នា២នាក់ទៀត កំពុងនិយាយគ្នាជាមួយជនជាតិចិន១ក្រុម ហើយជនរងគ្រោះបានប្រាប់ឲ្យខ្ញុំត្រឡប់ទៅវិញ, រហូតដល់វេលាម៉ោងប្រហែល០០នឹង៤០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានឆាតប្រាប់ខ្ញុំឲ្យមកជួប ទើបខ្ញុំឡើងទៅដល់ជាន់ទី៤ ឃើញជនរងគ្រោះ និងគ្នាចំនួន២នាក់ កំពុងវាយតបគ្នាជាមួយជនជាតិចិន១ក្រុម បន្តិចក្រោយមកក្រុមជនរងគ្រោះមានគ្នាប្រហែល១០នាក់បានមកដល់ ហើយក្រុមបក្សពួកម្ខាងទៀតមានគ្នាប្រហែល២០នាក់បានមកបន្ថែម វាយតបគ្នាទៅវិញទៅមក និងមានមនុស្សម្នាក់បានដកកូនកាំបិតចេញពីហោប៉ៅខោ ចាក់ត្រូវចំពោះជនរងគ្រោះ បន្តិចក្រោយមកទើបជនរងគ្រោះដួល ហើយជនជាតិចិនទាំងនោះបានរត់បំបែកគ្នា ចំណែកជនរងគ្រោះត្រូវដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពេលទៅដល់គ្រូពេទ្យបានជួយធ្វើចលនាសង្គ្រោះ, ក្រោយមកគ្រូពេទ្យបានចេញមកប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។ យោងតាមលិខិតមរណភាពរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថាស្លាប់ដោយសារខ្សោះឈាម បណ្ដាលមកពីរបួសនៅលើពោះ ខណៈស្ថានភាពកន្លែងកើតហេតុ ពិនិត្យនៅផ្លូវដើរជាន់ទី៤ បរិវេណអាគារទី១ របស់អាគារព្រីនស៍ ចំហៀងខាងកើត ឃើញមានស្នាមឈាមតំណក់ចំនួន២កន្លែង។

បច្ចុប្បន្នសាកសពតម្កល់នៅវត្តទឹកថ្លា, ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ខោអាវប្រឡាក់ឈាម, នៅពោះអាវខាងស្ដាំមានស្នាមធ្លុះសាច់ក្រណាត់១កន្លែង, សាកសពមានសភាពទន់, នៅកដៃទាំងសងខាងមានស្នាមចាក់ម្ជុល, នៅលើពោះខាងស្ដាំមានបិតបង់ពណ៌សប្រឡាក់ឈាម, ផ្ទៃមុខ ខ្លួនប្រាណ ដៃជើងមានសភាពស្លេកស្លាំង, កោសិកាសន្ធានភ្នែកមានភាពស្លេកស្លាំង មានស្នាមរបួសដាច់រយះនៅពោះខាងឆ្វេង១កន្លែងទំហំ១,៥x០,៧ស.ម ជម្រៅ៦ស.ម។ ពិនិត្យទឹកនោមសាកសពវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ។ ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយខ្សោះឈាម (បណ្ដាលមកពីការចាក់ពោះខាងស្ដាំ) ដោយសពតម្កល់ទុកនៅវត្តទឹកថ្លា ធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបន្តថា ដោយឡែកនិយាយជារួមក្នុងប្រតិបត្តិការពេញមួយយប់នេះវិញ កម្លាំងជំនាញ ឃាត់ខ្លួនបានជនសង្ស័យ ៣៨នាក់/ស្រី ៦នាក់ បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត និងដកហូតវត្ថុតាង មានទាំងកាំបិត ជាច្រើនដើម និងរក​ឃើញមានទាំងសារធាតុ​ញៀន​មួយចំនួន​ កាំភ្លើង​ខ្លី​មួយ​ដើម​,​ដំបង​ឆក់​,​ និង​កូន​កាំបិត​ ចុង​ស្រួច​ចំនួន​០៣ដើម​,​ កាំបិត​ ប៉័​ងតោ០១ដើម,និង​ ដំបង​ជ័រ​ចំនួន​០២កំណាត់​ផងដែរ ៕