អ្នកផលិតមាតិកាលើបណ្តាញសង្គម សួន ធីតា មានមោទនភាព លើកទឹកចិត្តឱ្យកូនស្រី គឹម អាយវីន ដើរតាមក្តីស្រមៃ ក្លាយជាតារាម៉ូដែលអាជីពនាថ្ងៃអនាគត។

ក្នុងនាមជាអ្នកម្តាយមានទឹកចិត្តដ៏ប្រពៃចំពោះកូនស្រី អ្នកស្រី សួន ធីតា បានជំរុញលើកទឹកចិត្ត និងគាំទ្រឱ្យកូនស្រី អាយវីន ចូលប្រឡូកវិស័យម៉ូដែលទាំងវ័យក្មេង។ ប្រិយមិត្តមហាជន ប្រហែលជាធ្លាប់បានឃើញមុខ ស្រីតូច អាយវីន ដែលបានលេចមុខក្នុងព្រឹតិ្តការណ៍ដើរម៉ូតដ៏អស្ចារ្យរបស់លោក អូលីវ៉ា គង់ កាលពីពេលកន្លងទៅនេះ។

មានអាយុទើប ៦ឆ្នាំ សោះ កុមារីឆ្លាតវ័យរូបនេះ ទទួលបានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិចំនួន ២ដង សុទ្ធសឹងជាឆាកលំដាប់អន្តរជាតិ ដែលមានតារាម៉ូដែលមកពីបណ្តាប្រទេសជាច្រើន។ អ្នកផលិតមាតិកាលើបណ្តាញសង្គមដ៏ប៉ិនប្រសព្វ សួន ធីតា គឺជាអ្នកម្តាយរបស់នាងតូច អាយវីន ពិតជាមានមោទនភាពលើកូនស្រីរូបនេះខ្លាំងណាស់ ពេលឃើញកូនក្លាហានហ៊ានបញ្ចេញសមត្ថភាព មិនខ្លាចឆាកកម្មវិធីដែលមានទស្សនិកជនរាប់រយនាក់ចូលរួម។

អ្នកស្រីមើលឃើញថា កូនស្រីរបស់ខ្លួនមានដុងទេពកោសល្យជាមួយសិល្បៈ ទើបចង់ជំរុញកូនឱ្យដើរតាមក្តីស្រមៃ។ ដោយប្រើប្រាស់សមត្ថភាពនៃការបង្កើតមាតិការកម្សាន្តប្រកបដោយចំណេះដឹង លើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok អ្នកស្រី សួន ធីតា បានប្រើប្រាស់វាជាប្រយោជន៍ ដើម្បីជាស្ពានចម្លងកូនស្រីទៅរកអនាគតមួយដ៏ល្អផងដែរ។ ក្រៅពីសមត្ថភាពដើរបង្ហាញម៉ូដ និងការសម្តែង កុមារី គឹម អាយវីន ក៏កំពុងហាត់រៀនរាំទៀតផង។