ប្រជាពលរដ្ឋនាំគ្នាសម្រុកទិញស្លៀកបំពាក់មួយទឹក និងខោអាវរងា ខណ:ត្រជាក់ខ្លាំងនៅប៉ៃលិន

ខេត្តប៉ៃលិន ៖

រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសធាតុ ចុះត្រជាក់ខ្លាំង ប៉ុន្មានថ្ងៃជាប់ៗ គ្នា គេសង្កេតឃើញក្មេងៗ និងចាស់ៗមួយចំនួន បានងើបតាំងពីព្រលឹមបង្កាត់ភ្លើងដុតកំដៅរាងកាយ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ក្មេងចាស់ប្រុសស្រី រួមជាមួយអ្នករត់ម៉ូតូឌុប បាននាំគ្នាសម្រុកទៅទិញសម្លៀកជជុះ និងខោអាវបំបាត់រងានៅឯផ្សារ ក្នុងម្នាក់ៗ ចាប់ពី២ទៅ២កំប្លេ ដើម្បីពាក់ខ្លួនឯង និងផ្ញើជូនក្រុមគ្រួសារនៅឯផ្ទះ។ ចំណែកអាជីវករ ដែលលក់ដូរសម្លៀកបំពាក់ទាំងនេះ មានការមមារញឹក ហើយថែមទាំងមានទឹកមុខសប្បាយរីករាយក្នុងចិត្ត ខណ:ពេលដែលមានអតិថិជនចូលទៅទិញច្រើនខុសពីថ្ងៃធម្មតា។ 



បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ឌីណា ណៃ អាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី រស់នៅក្នុងប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ បន្ទាប់ពីចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ខ្លាំងនាចុងខែ១២នេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ការលក់សម្លៀកបំពាក់របស់គាត់ដាច់ខ្លាំង ដោយមានការលក់កំរាលពូក សម្លៀកបំពាក់ក្មេងចាស់ប្រុសស្រី មួយទឹក (ក្បាលគីប) គ្រប់ប្រភេទ ក្នុងតម្លៃសមរម្យ ពោលគឺអាវបំបាត់រងារ១លក់ត្រឹមតែតម្លៃ៥០០០ទៅ៨០០០រៀល ខោជើងវែង១លក់តម្លៃ១ម៉ឺនរៀល។ គាត់បន្តទៀតថា ការលក់ដូរដែលដាច់កាក់កបគួរឱ្យកត់សម្គាល់ គឺជារដូវរងាខែធ្នូ គឺមានអតិថិជន ចូលទៅទិញយ៉ាងច្រើនកុះករ ដែលធ្វើឱ្យគាត់ ស្ទើរតែលក់មិនទាន់ និងគ្មានពេលសម្រាក។ 


គាត់បញ្ជាក់ទៀតថា ថ្ងៃនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមានអ្នករត់ម៉ូតូឌុបក៏ចូលទៅទិញសម្លៀកបំពាក់បំបាត់រងារ សម្រាប់ខ្លួនឯង និងទិញផ្ញើប្រពន្ធកូននៅឯផ្ទះ។ លើសពីនេះ រហូតដល់ពេលល្ងាច ក្រោយពីបិទតូបនៅផ្សារ គាត់ក៏បន្តលក់ដូរស្បែកជើងនៅឯសួនកុមារក្បែរសាលាខេត្តប៉ៃលិន ក៏មានម៉ូយចូលទៅទិញច្រើនគួរឱ្យ កត់សម្គាល់។ មិនត្រឹមតែតូបលក់សម្លៀកបំពាក់របស់គាត់ប៉ុណ្ណោះទេ សូម្បីតែតូបលក់ដូររបស់អាជីវករនៅក្បែរៗនោះក៏មានម៉ូយចូលទៅទិញច្រើន ធ្វើឱ្យម្ចាស់តូបសប្បាយរីករាយ ក្នុងការលក់ដូរ ហើយក៏បង្ហើបឱ្យដឹងថា បើលក់ដាច់ដូចរដូវរងាបែបនេះ ពួកគាត់ពិតជាទទួលបានកម្រៃចំណេញ ងាយស្រួលក្នុងការសងជំពាក់បំណុលគេថែមទៀតផង៕