About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ខេត្តប៉ៃលិន ៖ 

នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការ អញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអយ្យការអម សាលា ដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍បើកសន្និបាទ នាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ លើក ឡើងថា៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្ត គឺដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងបាន ខិតខំរួមគ្នារក ដំណោះ ស្រាយ រាល់បញ្ហាប្រឈម ដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យ បំពេញ បន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៤ឲ្យកាន់តែមានភាពល្អប្រសើឡើង និង ប្រសិទ្ធភាព ជាងបណ្តាឆ្នាំកន្លងមក។


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទោះបីជាសភាពការណ៍សកលលោក និងតំបន់ មានវិបត្តិប្រែប្រួលស្មុគស្មាញយ៉ាងណាក្ដី ក៏ប៉ុន្តែក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដាក់ចេញ នូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ ដើម្បីគ្រប់គ្រងប្រទេស ប្រកបដោយទស្សនវិស័យច្បាស់លាស់ ដែលមានការគាំទ្រការ ចូល រួមពីមន្ទីរអង្គភាពស្ថាប័នអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្ត  ក្នុងនោះ រដ្ឋបាលខេត្ត ជាស្ថាប័ន ទទួលខុសត្រូវ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈបានខិតខំប្រឹងប្រែង រួមគ្នារក្សាការពារយ៉ាងរឹងមាំ នូវសុខ សន្តិភាពស្ថិរភាពនយោបាយ អធិបតេយ្យ ភាពបូរណ ភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការទប់ ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្ម ឆ្លង ដែន និង សុខសន្តិភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។


លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ការបម្រើសេវារដ្ឋបាល និងសេវា តម្រូវការចាំបាច់ នានានៅមូលដ្ឋានក៏ត្រូវបានពង្រឹងគុណភាពសមត្ថភាព ដូចជាការកែលម្អជាប្រចាំនៃរបៀបរបប និងអាកប្បកិរិយា ការងារ របស់មន្ត្រីនៅមូលដ្ឋានដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នឹងបន្តជំរុញចលនាអនុវត្តនូវគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព ការធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន ហើយទទួលបាន ការផ្តល់នូវការទុកទឹកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល នាពេល កន្លង ដែលអាចស្តែងឡើងយ៉ាងប្រចក្ស តាមរយៈ ផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ  ។


សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ រដ្ឋបាល ខេត្តប៉ៃលិន ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយបែងចែកក្រុមពិក្សា និងបទបង្ហាញអំពីលទ្ធផល នៃការ ពិភាក្សា របស់តំណាងក្រុមនីមួយៗ ជូនអង្គសន្និបាត ព្រមទាំងមានកម្មវិធីសំណួរ-ចំលើយ ដែលផ្តោតសំខាន់ លើការងារ អនុវត្ត កន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលត្រូវអនុវត្តបន្ត ផងដែរ៕