ក្រោយពីកាប់ដើមស្វាយចោលអស់ពីក្នុងចម្ការ កសិករម្នាក់ដាំដំណាំពោតក្រហម ទទួលបានផលច្រើនគួរឱ្យកត់សម្គាល់

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ គេសង្កេតឃើញ កសិករមួយគ្រួ សាររស់នៅក្នុងក្រុងប៉ៃលិន បានសម្រេចចិត្តកាប់ដើមស្វាយចោលរាប់រយដើមអស់ពីក្នុងចម្ការ រួចងាកបែរទៅដាំ ដំណាំពោតក្រហមវិញ ដោយលទ្ធផលនឹកស្មានមិនដល់ ខណ:ដល់ពេលប្រមូលផល ស្រា ប់តែទិន្នផលដំណាំនេះ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ទ្វេរដង ដែលធ្វើឱ្យគាត់អាចលក់បានចំ ណេញយកថវិកា និងយកទៅសងជំពាក់បំណុលគេ។ 


បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ខៀវ ខែត ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ បន្ទាប់ពីដំណាំស្វាយកែវរមៀតមិនសូវមានតម្លៃលើទីផ្សារល្អ ទើបកាលពីប៉ុន្មានខែមុននេះ គាត់ក៏បានសម្រេចចិត្តកាប់ចោលអស់ពីក្នុងចម្ការ រួចក៏ចាប់ផ្តើមដាំពោតក្រហមចំនួន៤ហិកតានៅលើដីចម្ការនេះតែម្តង ស្ថិតនៅត្រង់ចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ គាត់បន្តទៀតថា ការប្រមូលផលពោតរបស់គាត់ បានដឹកលក់ជាបន្តបន្ទាប់ ដោយសរុបទិន្នផលបានជាង៣០តោនហើយ ក៏ជួលកម្មករឱ្យកាច់ក្នុង១ធុងស្ពេត្រូ ទម្ងន់ជាង១០គីឡូក្រាម តម្លៃ១០០០រៀល គឺជួលកម្មករជាង១០នាក់ក្នុង១ថ្ងៃ។ 



គាត់បញ្ជាក់ទៀតថា កាលពីមុន ខណ:ពេលដែលមិនទាន់កាប់ដើមស្វាយចោល ដីចម្ការរបស់គាត់ហាក់ដូចជាអត់សូវមានជីវជាតិ លុះក្រោយពីដុតដើមស្វាយងាប់នៅក្នុងចម្ការ រួចដាំពោតក្រហម ស្រាប់តែទទួលបានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះ ក្រោយពីប្រមូលផលពោតក្រហមនេះរួច គាត់នឹងបន្តដាំដំណាំពោតក្រហមនេះម្តងទៀត ហើយគាត់នឹងប្តូរទៅដាំដំណាំដំឡូងមីវិញម្តងដែរ ដើម្បីឱ្យដីនៅរក្សាគុណភាពល្អដដែល។ រីឯពូជពោតក្រហមក៏គាត់ទិញពូជដែលល្អផងដែរ ដោយយកមកពី ប្រទេសវៀតណាម ក្នុង១ការ៉ុង ឈ្មួញលក់រហូតដល់៦០ម៉ឺនរៀលឯណោះ។  


ចំណែកកម្មករម្នាក់ ឈ្មោះ រ៉េត ស្រីម៉ៅ អាយុ៤០ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ការប្រមូលផលដំណាំបោតក្រហមរបស់ម្ចាស់ចម្ការខាងលើ ពិតជាធ្វើឱ្យពួកគាត់សប្បាយរីករាយ ព្រោះផ្លែធំៗល្អ ហើយឆាប់ពេញធុងថែមទៀត។ ដូច្នេះ ក្នុង១ថ្ងៃ បើមានដំណាំពោតក្រហមផ្លែធំល្អបែបនេះ អាចឱ្យគាត់រកប្រាក់ចំណូលបានក្នុង១ថ្ងៃចាប់ពី៤ទៅ៥ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ៕