ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ចងក.អត្តឃាតនៅលើដើមល្វាក្បែរមាត់អូរ សង្ស័យមានវិបត្តិផ្លូវចិត្ត ឬបែកថ្នាំ

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋម្នាក់ ដើរទៅចងសត្វគោនៅក្បែរមាត់អូរ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ចងក. ធ្វើអត្តឃាតនៅជាប់នឹងដើមល្វា ក្បែរមាត់អូរ បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលអ្នកភូមិមិនស្គាល់អត្តសញ្ញាណ ក៍នាំគ្នារៃអង្គាសប្រាក់ដើម្បីទិញធ្យូងយកទៅបូជានៅក្នុងវត្ត។ ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះនេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមាត់ស្ទឹងអូរតាវ៉ៅ ស្ថិតនៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។



ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១ និង៣៥នាទីរសៀល តាមការឆ្លើយបំភ្លឺពីឈ្មោះ មឿន សុខ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/សង្កាត់ខាងលើ បានឱ្យដឹងថា គាត់បានដើរចេញពីផ្ទះ ដើម្បីទៅមើលសត្វគោ ដែលគាត់បានចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះ លុះមិនទាន់បានស្រាយចំណងគោយកទៅឱ្យស៊ីស្មៅកន្លែងផ្សេងផង ស្រាប់តែដើរមកដល់ជិតក្បែរមាត់ស្ទឹងអូរតាវ៉ៅ ក៍ប្រទះឃើញ សពជនរងគ្រោះ(ចងក)ជាប់នៅក្រោមដើមល្វាក្បែរមាត់អូរ ហើយក៏ប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចចុះទៅពិនិត្យមើលតែម្តង។


បើតាមសន្និដ្ឋាន៖ សពជនរងគ្រោះ អាចមានវិបត្តិផ្លូវចិត្ត ឬបែកថ្នាំ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងកម្លាំងជំនាញកោស ល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច័យពិនិត្យឃើថាសពពិតជាស្លាប់ដោយ(ចងក)ធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវប្រជាពលរដ្ឋ សហការជាមួយនឹងសមត្ថកិច្ចយកទៅធ្វើបូជានៅវត្ដរតនសោភ័ណ្ឌ (ហៅវត្ដកោងកាង)៕