បើកបរម៉ូតូក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតរងរបួសធ្ងន់ស្រាល៣នាក់

 ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតពីក្រោយ ពេញទំហឹង បណ្តាលឱ្យដួលប្រាវរងរបួសធ្ងន់ស្រាល៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង០០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងមុខផ្ទះសំណាក់ព្រំមាស ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ និងខូចខាតម៉ូតូចំនួន០២ គ្រឿង។


ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ គួយ សាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ដោយបើកបរម៉ូតូម៉ាកហុងដា Zoomer x  ពណ៌ក្រហម គ្មានស្លាកលេខ (រងរបួសស្រាល)។ អ្នករួមដំណើរ មាន ឈ្មោះ ហឿយ ពីណាត់ ភេទប្រុស អាយុ០៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល។ ចំណែកអ្នកបង្ក មាន ឈ្មោះ ផាន ភារិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដា Scoopy ពាក់ស្លាកលេខ ប៉ៃលិន ១B.៤៩០៨ (រងរបួសធ្ងន់ ចំក្បាលនិងបែកមាត់)។


ប្រភពបន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងដួលរងគ្រោះថ្នាក់ដល់អ្នកដ៍ទៃ។បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកឯម៉ូតូទាំង០២គ្រឿងខាងលើ ត្រូវបាននគរបាលដកហូតយកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ដើម្បីរង់ចាំការដោះស្រាយ៕