យុវជនម្នាក់ តូចចិត្តឪពុកម្តាយស្តីបន្ទោសតិចតួច ទាញថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ និងថ្នាំពុល សម្លាប់សត្វដង្កូវ អស់ជាច្រើនប៉ងអត្តឃាត

ខេត្តប៉ៃលិន ៖ 

ឪពុកម្តាយស្តីបន្ទោសតិចតួច ដើម្បីឱ្យកូនក្លាយទៅជាមនុស្សល្អ ស្រាប់តែយុរវជនម្នាក់ តូចចិត្តរត់ទៅទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ និងថ្នាំពុលសម្លាប់សត្វដង្កូវផឹកអស់ជច្រើនប៉ងអត្តឃាត ខណ:ដែលលោកគ្រូពេទ្យបង្ហើបឱ្យដឹងថា ជនរងគ្រោះមានសង្ឃឹមរស់តិចតួចបំផុត។ ហេតុការណ៍យុវជនម្នាក់ តូចចិត្តនឹងឪពុកម្តាយស្តីបន្ទោសតិចតួចរត់ទៅផឹកទឹកថ្នាំពុលប៉ងអត្ត ឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចឡូតិ៍៥ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ហឿន ស៊ាងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ដោយមុនពេលកើតហេតុ ជនរងគ្រោះតែងតែដើរលេងផឹកស៊ីជួបជុំមិត្តភក្តិ មិនសូវជួយធ្វើការងារឪពុកម្តាយ។ លុះទ្រាំលែងបាន ឪពុកម្តាយជនរងគ្រោះ ក៏បាននាំគ្នាស្តីប្រ ដៅម្នាក់ៗ២ទៅ៣ម៉ាត់ ដើម្បីឱ្យកូនរបស់ខ្លួនភ្ញាក់ខ្លួន ឈប់សេពគប់ជាមួយមិត្តភក្តិមិនល្អ និងខិតខំប្រឹង ប្រែងជួយធ្វើការងារក្នុងក្រុមគ្រួសារ។ គ្រាន់តែស្តីឱ្យនៅពេលព្រឹក ធ្វើឱ្យកូនរបស់ខ្លួនលែងមាត់ក. ស្រាប់តែរសៀលថ្ងៃដដែល រូបគេក៏រត់ទៅសម្ងំយកទឹកថ្នាំពុលបាញ់ស្មៅ និងថ្នាំពុលកំចាត់សត្វដង្កូវផឹក លាយគ្នា បណ្តាលឱ្យក្អួតចង្អោរ បានអ្នកភូមិឃើញរត់ទៅហៅឱ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ 


លោកគ្រូពេទ្យបានបង្ហើបឱ្យដឹងថា ជនរងគ្រោះមានសង្ឃឹមរស់រានមានជីវិតតិចតួចណាស់ ព្រោះតែរូបគេបានផឹកទឹកថ្នាំបុលបាញ់ស្មៅប្រភេទលេខ១ផលិតនៅប្រទេសថៃ ដែលមិនមានថ្នាំបន្សាបនោះឡើយ សូម្បីតែជនជាតិថៃកាលពីមុនក៏ស្លាប់អស់ច្រើនដែរ ខណពេលដែលខឹងនឹងឪពុកម្តាយ ឬមានបញ្ហាគ្រួសារផ្សេងៗ។ ទោះបីជាយ៉ាងណា ក៏លោកគ្រូពេទ្យបានខិតខំព្យាយាមជួយសង្គ្រោះយុវជន ខាងលលើឱ្យអស់ពីលទ្ធភាព។ បច្ចុប្បន្ន ជនរងគ្រោះកំពុងត្រូវបានគ្រូពេទ្យជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕