ជនជាតិចិនបើកបររថយន្តបត់ឆ្វេងមិនប្រយ័ត្ន បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣៧នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខហាងកាហ្វេ៦៦៦ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ គី ចិនឡុង ភេទប្រុស អាយុ២៥ ឆ្នាំ បើកបរម៉ូតូម៉ាក zoomerx ពាក់ស្លាកលេខ បាត់ដំបង1AL.4089 រងរបួសបែកក្បាល និងរលាត់ដៃជើង។បច្ចុប្បន្នជនរងគ្រោះស្នាក់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ចំណែកអ្នកបើកបររថយន្តបង្កជាម្ចាស់រថយន្ត មាន ឈ្មោះ ហ្វេងយូយ៉ាវ (Feng yuyao) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ដោយបើកបររថយន្តម៉ាកហាយឡែនដឺរ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខកម្ពុជា DQEB .899 (គ្មានរបួស) មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រីឯអ្នករួមដំណើរ មាន ឈ្មោះ  វ័យ វ័យ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន (គ្មានរបួស) បច្ចប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


មូលហេតុដែលបណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកពីកត្តាមនុស្សបើកបររថយន្តបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្នជនរងគ្រោះត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកម៉ូតូ និងរថយន្តត្រូវបានរក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់៕