បើកបររថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដោយបើកបរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់ និងខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចរង្វង់មូលគោ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  


ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ហោ គឹមសាត ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសស្រាល ពាក់មួកសុវត្ថិភាព បច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិនដោយបើកបរម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1B.1279។ ចំណែកអ្នករួមដំណើរមាន ឈ្មោះ ហួយ គឹមហេន ភេទស្រី អាយុ៦០ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្រពន្ធ មានមួកសុវត្ថិភាព ។ ចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ (បានបើកបររត់គេចខ្លួនពីកន្លែងកើតហេតុ) ដោយបើកបររថយន្តម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាក់លេខ 0427។ ប្រភពដដែលបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារមនុស្ស អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យដួលប្រាវរងរបួសតែម្តង ។



បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្យប៉ៃលិន។ ចំណែករថយន្តបង្ក ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕