បុរសម្នាក់ផឹកស៊ីជួបជុំមិត្តភក្តិរហូតដល់ស្រវឹងធ្លាក់ភ្នែកបើកបរម៉ូតូពេលល្ងាចអត់មានភ្លើងបំភ្លឺ បណ្តាលឱ្យដួលរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ចេញពីផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីថ្ងៃរហូតដល់ពេលល្ងាច លុះស្រវឹងស្រាជោកជាំ ក៏ទាញម៉ូតូទាំងសភាពទ្រេតទ្រោត លុះបើកបរក្នុងល្បឿនលឿនផ្លូវ២ផ្លូវ៣ម្នាក់ឯង ខណ:ទប់ចង្កូតមិនជាប់ក៏ដួលប្រាវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូមួយកន្លែង ត្រង់ចំណុចសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ដែលបើកបរម៉ូតូ មាន ឈ្មោះ វ៉ាន់ ឆន ភេទប្រុស អាយុ៥៦ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិចម្ការបុស្ស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបើកបររម៉ូតូម៉ាកវ៉េវស៊េរីចាស់ មិនមានផ្លាកលេខ និងមិនបានពាក់មួកសុវត្ថិភាព ដោយបើកបរក្នុង ទិសដៅពីជើងទៅត្បូង។ ប្រភពដដែលបន្តតៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅផ្ទះមួយកន្លែង តាំងពីថ្ងៃ រហូតដល់ពេលល្ងាច ក៏ស្រវឹងរៀងៗខ្លួន នាំគ្នាត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនរងគ្រោះ បានទាញម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ណាមួយមិនមានភ្លើងហ្វាសម្រាប់បំភ្លឺផ្លូវ ទើបដួលរងរបួសតែម្តង។ 


បច្ចប្បន្ន ជនរងគ្រោះ ត្រូវបានអ្នកស្គាល់ទូរស័ព្ទហៅសាច់ញាតិឱ្យទាក់ទងរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅសង្រ្គោះភ្លាមៗ។ ចំណែកម៉ូតូត្រូវបានសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង ៕