លោក ប៊ុន លីម៉ា តស៊ូជាមួយសិល្បៈភាពយន្តខ្មែរជាច្រើនឆ្នាំមុនទទួលបានផ្លែផ្កា

ថ្ងៃ ០២ តុលា ឆ្នាំ២០២៣  អតីតបេក្ខជន Freshy boy ឆ្នាំ២០០៨ គឺលោក ប៊ុន លីម៉ា ដែលមហាជន ជាពិសេសអ្នកស្នេហា ខ្សែភាពយន្ដ និងចម្រៀងកាយវិការច្បាស់ជាបានស្គាល់លោក។ ព្រោះក្ដីស្រលាញ់ និងការខិតខំមិនបោះបង់ លោក ប៊ុន លីម៉ា សាងកេរ្តិ៍ឈ្មោះខ្លួន ដោយឈរលើសមត្ថភាព និងការគោរពការងារ ដែលទទួលបានការគោរពស្រលាញ់ គាំទ្រពីបងប្អូនមហាជន។ លោកបានសាងស្នាដៃ ក្នុងខ្សែភាពយន្ត  ជាច្រើនដូចជារឿង “តណ្ហា” រឿង”ព្រោះតែស្រី” និងរឿង “ប្រពន្ធដើមក្លាយជាប្រពន្ធចុង” ប៊ុន លីម៉ា បានអង្គ្រួនបេះដូងអ្នកទស្សនារាប់លាននាក់ឲ្យមើលស្លុងនិងពេលខ្លះឈឺចាប់ជំនួសតួស្រីដែលលោកធ្វើបាបនៅក្នុងសាច់រឿង។


អ្វីតែគួរឲ្យចាប់អារម្មណ៍បន្ទាប់ពីទទួលបានការគាំទ្រ  ថ្មីៗនេះ លីម៉ា ទទួលបានការងារសិល្បៈក៏ច្រើន ខណៈភោជនីយដ្ឋានទើបបើកថ្មីក៏កាក់កប។ បច្ចុប្បន្នរូបលោកពិតជាទទួលបានការងារសម្ដែងច្រើន ហើយក៏កំពុងរវល់ខ្លាំងជាមួយអាជីវកម្មផ្ទាល់ខ្លួនដែរ គឺភោជនីយដ្ឋានមួយឈ្មោះ “បងម៉ាប់ អ៊យស្ទ័រ” នៅរាជធានីភ្នំពេញផងដែរ។ ឆ្លងកាត់បទពិសោធន៍សម្ដែងច្រើនឆ្នាំលោកលីម៉ា ត្រូវបានអ្នកដឹកនាំសម្ដែងស្ទើរគ្រប់គ្នា បានដាក់ឲ្យលោកដើរជាតួអង្គប្រុស ដែលមានចរិតខិលខូច ក្បត់ចិត្ដប្រពន្ធ ព្រោះមិនថាតែអ្នកដឹកនាំសម្ដែងទេសូម្បីតែមហាជនដែលធ្លាប់បានទស្សនារឿងរបស់លោកកន្លងមកក៏លាន់មាត់កោតសរសើរនូវទេពកោសល្យសម្ដែង របស់លោកថាពិតជាសក្ដិសមបំផុតសំរាប់តួអង្គបែបនេះ៕