កម្មករសិប្បកម្មឡឥដ្ឋម្នាក់ ចុះដាំដើមព្រលិតនៅក្នុងស្រះ អត់ចេះហែលទឹក បណ្តាលឱ្យលង់ស្លាប់

ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មគួរឱ្យអាណិតអាសូរ ខណ:ដែលអត់ចេះហែលទឹក ចុះទៅដាំដើមព្រលិតនៅក្នុងស្រះទឹកតែម្នាក់ឯង លុះប៉ះចំកន្លែងទឹកជ្រៅ ណាមួយសង្ស័ យដើមព្រលិតរមូរជាប់ដៃជើង មិនអាចរើចេញទីទឹករួច ទើបបណ្តាលឱ្យលង់ លុះបងប្អូនសាច់ញាតិ និងអ្នកជិតខាងដើររកមើល ដើម្បីហៅទៅធ្វើការ។ តែអត់ឃើញ ក៏នាំគ្នាទៅមើលក្បែរមាត់ស្រះ ស្រាប់តែប្រទះឃើញស្បែកជើង១គូ ក៏នាំគ្នាចុះទៅរាវរកមើល ស្រាប់តែប៉ះជនរងគ្រោះ រួចប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ អ្វីៗហួសពេលទៅហើយ ដោយគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់មុននេះ។ 


ហេតុការណ៍យុវជនម្នាក់ ចុះដាំដើមព្រលិតក្នុងស្រះ លង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចស្រះទឹកជាប់សិប្បកម្មឡឥដ្ឋស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា សពយុវជនរងគ្រោះមាន ឈ្មោះ រិត ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ (ជាកម្មករ សិប្បកម្មឡឥដ្ឋ) រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានដើរម្នាក់ឯងទៅក្បែរស្រះទឹក ដែលខ្លួនបានដាំដើមព្រលិត កាលពីប៉ុន្មានថ្ងៃមុន ដើម្បីឱ្យដឹងថា ដើមព្រលិតនោះអណ្តែត ឬអត់។ តែលុះពេលឃើញដើមព្រលិតអណ្តែតទឹក ជាច្រើនគុម្ព ក៏ចុះទៅដាំឡើងវិញ តែប៉ះចំទឹកស្រះជ្រៅ ស្របពេលដែលខ្លួនមិនចេះហែលទឹក ណាមួយដោយសង្ស័យរុំរមូរជាប់នឹងដើមព្រលិត មិនអាចរើខ្លួនរួច ក៏លង់ទឹកស្រះស្លាប់គួរឱ្យតក់ស្លុតតែម្តង។ 


ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កម្លាំងជំនាញផ្នែកកោសលវិច្ច័យនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញការិយាល័យកោសល្យវិច្ច័យនៃស្នង ការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងក្រុមគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ ដោយពិនិត្យធ្វើកោសលវិច័្ចយ រួចបញ្ជាក់ថា សពយុវជនខាងលើ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យចប់សព្វគ្រប់ មន្រ្តីជំនាញ បានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕