យុវជនម្នាក់បើកបរម៉ូតូបុកជាមួយក្មេងស្រីជិះកង់បត់ឆ្លងផ្លូវ បណ្តាលឱ្យ...

ខេត្តប៉ៃលិន ៖ 

ក្មេងស្រីតូចម្នាក់ជិះកង់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកចំពីមុខពេញទំហឹង ក្នុងទិសដៅច្រាស់គ្នាបណ្ដាលឲ្យស្លាប់ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល និងកង់ចំនួន០១គ្រឿង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយកង់នេះ បានកើតឡើងនៅវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរមន្ទីរបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិកំពង់ ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ៖ ភាគីបើកបរម៉ូតូ មាន ឈ្មោះ ឌីណា ខេម ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C .0061  ពាក់មួកការពារ រងរបួសជើងស្ដាំស្រាល បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ចំណែកភាគីក្មេងស្រីរងគ្រោះ មាន ឈ្មោះ ឈឺន សំណាង ភេទស្រី អាយុ០៨ឆ្នាំ ( មុខរបរសិស្ស) រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជិះកង់ក្នុងទិសដៅពីត្បូងទៅជើង បត់ឆ្វេងឆ្លងផ្លូវបណ្តាលអោយមានគ្រោះថ្នាក់តែម្តង។


ប្រភពដដែលបានបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ម៉ូតូបុកកង់នេះ បណ្តាលមកពីមនុស្សជិះកង់បត់ខ្វះការប្រុងប្រយ័ត្ន។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយជនរងគ្រោះមានរបួសធ្ងន់ពេកបណ្ដាលអោយស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង ចំណែកអ្នកបើកបរម៉ូតូ ត្រូវបានឃាត់ខ្លួននៅកន្លែងហ្នឹងកើតហេតុ រួមនឹងវត្ថុតាង (ម៉ូតូ) យកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕