ស្ត្រីម្នាក់ប្រចណ្ឌប្តីមានស្រី ទាញយកកាំបិតប៉័ងតោ កាប់ប្រហារចំក្បាលច្រើនកាំបិត បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមគួរឱ្យព្រឺខ្លាច

ខេត្តប៉ៃលិន ៖ សង្ស័យថា ដោយសារតែភ្លើងប្រចណ្ឌ រហូតឈានដល់ ប្រពន្ធទាញយកកាំបិតប៉័ងតោកាប់ប្រហារប្តីវ័យចំណាស់នៅលើគ្រែដេក ក្រោយពេលគាត់បានត្រឡប់មកពីចូលរួមខួបកំណើតកូនរបស់អ្នកភូមិវិញ ខណ:ស្រវឹងស្រាជោកជាំដេកលង់លក់មិនដឹងខ្លួន។ ក្រោយពេលកាប់ប្រហាររួច ស្រ្តីជាប្រពន្ធបានជិះម៉ូតូទៅសារភាពនៅស្នងការនគរបាលខេត្ត កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលហេតុការណ៍ស្រ្តីជាប្រពន្ធកាប់ប្រហារទៅលើប្តីវ័យចំណាស់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមនេះ បានកើតឡើងនៅក្នុងភូមិវត្ត  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។  



បើតាមប្រភពពត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ សេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) រងរបួសក្បាលផុងលលាដ៏។ ចំណែកស្រ្តីជាជនដៃដល់មានឈ្មោះ ចេង ចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។ ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលឈានដល់ការកាប់ប្រហារទៅលើបុរសវ័យចំណាស់នេះ គឺទាំង២នាក់ប្តីប្រពន្ធ តែងតែឈ្លោះប្រកែកគ្នាជារឿយៗ ពោលគឺចាប់តាំងតែកូនទាំង៣នាក់របស់ពួកគាត់ នៅតូចៗម្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់។ តែនៅមុនពេលកើតហេតុ ជនរងគ្រោះ ជាប្តីបានទៅចូលរួមខួបកំណើតកូនរបស់មិត្តភក្តិនៅក្នុងភូមិ លុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗ រវាងប្តីនិងប្រពន្ធ ដោយចាប់តាំងពីយប់រហូតដល់ជិតភ្លឺស្រាប់តែប្រពន្ធកាប់ប្រហារប្តីស្លាប់តែម្តង។



សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា ខ្លួនបានសម្លាប់ប្តីផ្ទាល់ដៃមែន ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា ប្តីរបស់ខ្លួនតែងតែលួចមានស្រីជាញឹកញាប់ ដែលធ្វើឱ្យគាត់មានការឈឺចុកចាប់ក្នុងទ្រូង លុះទ្រាំលែងបានក៏កាប់ប្រហារស្លាប់គួរឱ្យអាណិតអាសូរ។ ក្រោយពេលធ្វើកោលសលវិច្ឆ័យនគរបាលបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារការកាប់ប្រហារពីស្រ្តីជាប្រពន្ធជាច្រើនកាំបិត បណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេក។ បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕