បុគ្គលិកក្រុមហ៊ុន២ក្រុម សង្ស័យឈ្លោះប្រកែកគ្នារឿងដណ្តើមម៉ូយឬផលប្រយោជន៍ ក៏ឈានដល់វាយតប់គ្នា

ខេត្តប៉ៃលិន ៖ 

បុគ្គលិកក្រុមហ៊ុន២ក្រុមបានវាយប្រយុទ្ធគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងជនបង្កមួយចំនួនត្រូវបានឃាត់ខ្លួន ខណ:គេសង្ស័យតែមានការទាស់ពាក្យសម្តីរវាងគ្នានិងគ្នា ដោយសារ បញ្ហាផលប្រយោជន៍ចាប់ម៉ូយឆ្លងដែនពីខ្មែរទៅថៃ និងពីថៃចូលមកខ្មែរវិញ។ ហេតុការណ៍បុគ្គលិកក្រុមហ៊ុន២ប្រយុទ្ធគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្បែរច្រកអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីមន្រ្តីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានបង្ហើបឱ្យដឹងថា ៖ ជនរងគ្រោះមិនត្រូវបានគេបង្ហើបឱ្យស្គាល់ឈ្មោះ បានរងរបួសបែកខ្ទង់ច្រមុះ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រ ទេសថៃ រីឯជនបង្ក ទី១. ឈ្មោះ សិរីវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនដៃដល់ ទី២. ឈ្មោះ សំណាង ភេទប្រុស អាយុ៣២ឆ្នា ជាបក្ខពួក និងទី៣. ឈ្មោះ ហុង ស៊ីនិត ភេទប្រុស អាយុ៣២ឆ្នាំ ជាបក្ខពួក ទាំង៣នាក់ ស្នាក់នៅធ្វើការក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនចំនួន២ បានធ្វើការទាក់ទាងដឹកម៉ូយពីប្រទេសថៃចូលមកខ្មែរ និងនាំពលករពីខ្មែរចូលទៅធ្វើការងារនៅប្រទេសថៃ។ ប៉ុន្តែ គេឃើញពួកគាត់ហាក់ដូចជាធ្វើការមិនចុះសម្រុងនឹងគ្នា ដោយប្រទាញប្រទង់ម៉ូយគ្នាចុះឡើងៗ លុះនៅថ្ងៃកើតហេតុ ស្រាប់តែភាគីទាំង២ បានប្រកែកគ្នាទៅវិញទៅមក ក៏ឈានដល់ការវាយប្រតប់គ្នា បណ្តាលឱ្យផ្អើលច្រកទ្វារអន្តរជាតិព្រំតែម្តង។  ក្រោយពេលកើហេតុ ជនរងគ្រោះ ដែលត្រូវបានគេដាល់១ដៃបែកខ្ទង់ច្រមុះ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ។ ចំណែកឯជនបង្ក និងបក្ខពួក ត្រូវបាននគរបាលចាប់ឃាត់ខ្លួន សួរនាំ និងរៀបចំសំនុំរឿងដើម្បីចាត់ការតាមនីតិវិធី៕