ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា

 នៅព្រឹក ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៣  ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឈើតគៀត អាថោកន (CHERDKIAT ATTHAKOR ) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ព្រមទាំងជូនពរនិងសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។ ក្នុងកម្មវិធីនេះ ក៏មានការអមដំណើរ ដោយលោក បណ្ឌិត ស៊ុបផាឆៃ វីរៈភូជុង នាយកប្រតិបត្តិស្ថានីយ៍វិទ្យុ និងស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥  និងសណ្ឋាគារ Sofitel  អគ្គលេខាធិកានៃស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ និង ថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផងដែរ។  



ក្រោយពីពិធីសម្ដែងការគួរសម និងការបើកបង្ហាញអំពីកិច្ចសហកានាពេលកន្លងមក រវាងប្រទេសទាំងពីរនោះ ឯកឧត្តម ចាយ បូរិនបានមានប្រសាសន៍ថា កម្ពុជា-ថៃ នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ។ នាឱកាសពិភាក្សាការងារនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា  បានពិភាក្សាលើការងារសំខាន់ៗចំនួន ៣ គឺ៖

១. ការដង្ហែកអង្គឋិនព្រះរាជទាន មកកាន់វត្តសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

២. ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិត ទៅសិក្សានៅព្រះរាជាណាចក្រថៃ។ 

៣. ការដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា មកកម្ពុជា នាពេលខាងមុខនេះ។









កម្មវិធីជួបសម្តែងការគួរសមនិងពិភាក្សាការងារនេះ បានបញ្ចប់ទៅ ក្នុងបរិយាកាសដ៏សែនមនោរម្យបំផុត ដោយមានការជូនវត្តុអនុស្សាវរីយ៍ និងថតរូបរួមគ្នាទៀតផង៕