នគរបាលឃាត់ខ្លួនជនសង្ស័យលួចទូរស័ព្ទដៃអាជីវករម្នាក់ ក្រោយទទួលពាក្យបណ្តឹង និងឆែកឆេរកាមេរ៉ាសុវត្ថិភាព

ខេត្តប៉ៃលិន ៖ 

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា បានទទួលពាក្យបណ្តឹងករណីលួចទូរស័ព្ទដៃពីជនរងគ្រោះម្នាក់ ឈ្មោះ ពត នឿន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ០៩ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការលួចទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំស៊ុង កាឡាក់ស៊ី A០៤អេស ពណ៌ផ្កាឈូក។


ប្រភពព័តមានបានឱ្យដឹងថា ៖ វេលាម៉ោង៤ និង២១នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងអង្គុយលក់ដូរនៅក្នុងតូបរបស់ខ្លួនធម្មតា ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានជិះម៉ូតូម៉ាកឃ្លិច ពណ៌ខ្មៅ មិនចាំផ្លាកលេខ ទៅឈប់នៅមុខតូបរបស់គាត់ ហើយជនសង្ស័យម្នាក់ បានដើរចូលទៅទិញការ៉េមកី នៅក្នុងតូបគាត់ចំនួន០២ដើម។ ប្រភពបន្តទៀតថា ភ្លាមនោះជនរងគ្រោះកំពុងរវល់ចងបន្លែ មិនបានដើរទៅយកការ៉េមកីឱ្យទេ។ ភ្លាមនោះ ជនសង្ស័យបានដើរទៅយកការ៉េមកីដោយខ្លួនឯង នៅក្នុងទូរទឹកកកចំនួន០២ដើម ដោយយកទៅឱ្យជនសង្ស័យម្នាក់ទៀត ដែលកំពុងអង្គុយចាំនៅលើម៉ូតូ។ ក្រោយមក ជនសង្ស័យបានដើរចូលទៅយកការ៉េមកីចំនួន០១ដើមថែមទៀត ហើយនិយាយប្រាប់ជនរងគ្រោះថា ការ៉េមកីនេះឆ្ងាញ់ណាស់។ ពេលនោះ ជនរងគ្រោះភ្លេចខ្លួន ស្រាប់តែជនសង្ស័យបានលួចយកទូរស័ព្ទដៃ ម៉ាកសាំស៊ុង កាឡាក់ស៊ី A០៤អេស ពណ៌ផ្កាឈូក ចំនួន០១គ្រឿង ដែលសាកថ្មចោលនៅក្បែរទូរការ៉េម រួចក៏ជិះម៉ូតូចេញទៅបាត់ លុះប្រហែល១០នាទីក្រោយមក ជនរងគ្រោះដើរទៅយកទូរស័ព្ទដៃ ស្រាប់តែបាត់ ដោយត្រូវជនសង្ស័យលួច។ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ២៣ វេលាម៉ោង ១០ និង០០នាទីព្រឹក កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ចុះឆែកកាម៉េរ៉ាសុវត្ថិភាព និងធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យចំនួន០២នាក់ យកមកសាកសួរ នៅអធិ ការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម ៖


ទី១- ឈ្មោះ កែម វិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកលួចទូរស័ព្ទដៃ មានផ្ទុកសារធាតុញៀន(+)។ ទី២-ជនសង្ស័យឈ្មោះ អ៊ុក ខាត់ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបក្សពួក មានផ្ទុកសារធាតុញៀន(+)។ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ ថាខ្លួនពិតជាបានលួចទូរស័ព្ទដៃរបស់ជនរងគ្រោះ ពិតប្រាកដមែន។ ក្រោយឃាត់ខ្លួន ជនសងស្ស័យ នគរបាលកំពុងរៀបចំសំនុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕