បុរសម្នាក់ប្រចណ្ឌប្រពន្ធខ្លាំងពេក យកកាំបិតប៉័ងតោកាប់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួស

ខេត្តប៉ៃលិន ៖ 

បុរសញៀនស្រាស. ម្នាក់ ត្រូវបានគ្រូពេទ្យដេរអស់ច្រើនថ្នេរ ក្រោយពីយកកាំបិត ប៉័ងតោកាប់ទៅលើក្បាលខ្លួនឯង ខណ:ប្រចណ្ឌប្រពន្ធដាក់អ្នកភូមិជាមួយគ្នា។ ហេតុការណ៍បុរសប្រមឹកប្រចណ្ឌប្រពន្ធយកកាំបិតប៉័ងតោកាប់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី០៦ សីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះ ក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ បូ ទូច ភេទប្រុស អាយុ២៨ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកប្រពន្ធ ឈ្មោះ ណៃ សុផា អាយុ២៧ឆ្នាំ មុខរបរកសិករ។ ប្រភពដដែលបន្តទៀតថា កាលពីវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃដដែល ឈ្មោះ ណៃ សុផា (ជាប្រពន្ធ) បានដើរទៅយកអង្ករនៅផ្ទះរបស់ឈ្មោះ ផឹម ទុំ ភេទស្រី អាយុ៥១ឆ្នាំ ក្នុងភូមិជាមួយគ្នា  លុះដល់ម៉ោង០៩ និង៣៩នាទីព្រឹកថ្ងៃដដែល បុរសជាប្ដីបានដើរតាមពីក្រោយទៅរកប្រពន្ធ ហើយក៏ចាប់ផ្តើមប្រចណ្ឌប្រពន្ធ ថាទៅរកជួបសាហាយ។ ពេលនោះបុរសជាប្ដីក៏បានដេញវាយប្រពន្ធរត់ផ្អើលពេញភូមិ លុះនាងជាប្រពន្ធឃើញសភាពមិនស្រួល ក៏រត់គេចខ្លួនទៅពួននៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែប្ដីរកមិនឃើញ ក៏ទាញយកកាំបិតប៉័ងតោទៅកាប់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសតែម្ដង ។


បើតាមការកញ្ជាក់ពីឈ្មោះ ផឹម ទុំ ជាអ្នកជិតខាង បានឱ្យដឹងដែរថា បុរស ឈ្មោះ បូ ទូច បានរករឿងប្រពន្ធនៅឯផ្ទះរបស់គាត់ ហើយបានដេញវាយប្រពន្ធដូចសត្វធាតុ លុះនាងរត់ពួន ខណ:ប្តីរកមិនឃើញក៏បានទាញយកកាំបិតកាប់ក្បាលខ្លួនឯងរងរបួសតែម្ដង។ចំណែកលោកមេភូមិអូកន្ធៀងវ៉ាឱ្យដឹងថា បុរសឈ្មោះ បូ ទូច ជាមនុស្សញៀនស្រាស. តែងតែផឹកស្រាជាប្រចាំថ្ងៃ និងបានរករឿងប្រពន្ធកូនគ្មានថ្ងៃស្រាកក្រោយពេលស្រវឹងផងដែរ ដោយមិនចេញទៅធ្វើការរកស៊ីអ្វីនោះឡើយ។ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានប្រពន្ធ និងក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពភ្នំស្ពង់ ដើម្បីធ្វើការព្យាបាល និងដេរអស់ច្រើនថ្នេរ ៕