ផឹកស្រាជួបជុំមិត្តភក្តិ បើកបរម៉ូតូក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង ដួលបោកទៅនឹងថ្មរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកបរម៉ូតូក្នុងល្បឿនលឿនដូចហៅ លុះដល់ផ្លូវកោងបួងចង្កូតមិនទាន់ បណ្តាលឱ្យជ្រុលធ្លាក់ក្នុងប្រឡាយអត់ទឹករងរបួសធ្ងន់ដង្ហើមចង្រិត ត្រូវបានប្រ ជាពលរដ្ឋឃើញទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅសង្គ្រោះ។ ហេតុការណ៍បុរសម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកបរម៉ូតូក្នុងល្បឿនលឿនដួលម្នាក់ឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែងបរថ្មី ស្ថិតនៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខូចខាតម៉ូតូ០១គ្រឿង។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ សន ធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1L-3522 ក្នុងទិសដៅពីជើងទៅត្បូង។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានទៅអង្គុយផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីព្រឹករហូតដល់ពេល រសៀល ស្រវឹងស្រារៀងៗខ្លួន ទើបនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនរងគ្រោះជិះម៉ូតូម្នាក់ ឯងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក លុះបើកបរក្នុងស្ថានភាពស្រវឹងស្រាផ្លូវពីរផ្លូវបីម្នាក់ឯង ហើយក៏បន្ថែមល្បឿនត្រង់ផ្លូវកោង ជ្រុលធ្លាក់ប្រឡាយបោកទៅនឹងថ្មក្បែរចិញ្ចើមផ្លូវរងរបួសតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋឃើញក៏ទាក់ទងទៅរថយន្តមន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីដឹកបញ្ជូនទៅសង្រ្គោះទាន់ពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនគរបាលចុះពិនិត្យកន្លែងកើតហេតុរួច ក៏លើកម៉ូតូ ដើម្បីប្រគល់ជូនសាច់ញាតិបងប្អូន យកទៅជួសជុលដោយខ្លួនឯងនៅក្រុងប៉ៃលិន ៕