ក្រោយទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសំងាត់ នគរបាលចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តប៉ៃលិន ៖ 

កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលការរាយការណ៍ពីភ្នាក់ងារសម្ងាត់ថា នៅចំណុចផ្លូវលំជិតស្ទឹងតារាប ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថា មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន០២នាក់ប្រុស កំពុងធ្វើសកម្មភាពជួញដូរនៅទីនោះ ក្រោ យមកកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការចុះស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស ឆែកឆេរលើដងខ្លួនរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច និងបាននាំយកមក អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរ។




ប្រភពព័ត៌មានបានឱ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១- ឈ្មោះ ជឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន។ ទី២-ឈ្មោះ ញឹម ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន។ ប្រភពបន្តទៀតថា វត្ថុតាងដកហូតសរុបរួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ទម្ងន់០,៥៦ក្រាមសាច់ថ្នាំសុទ្ធ។ ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកsamsung ពណ៌ខៀវ ចំនួន០១គ្រឿង ម៉ាកredmi ពណ៌ស ចំនួន០១គ្រឿង)។ រថយន្តម៉ាក HYUNDAI ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខប៉ៃលិន1A-0109 ចំនួន០១គ្រឿង ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង។ ករណីខាងលើនេះ នគរបាលឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕