ព្រះសង្ឃខេត្តប៉ៃលិន ដឹកនាំប្រជាពលរដ្ឋ សហការជាមួយនឹងមន្ទីរបរិស្ថានខេត្ត ដាំកូនឈើប្រណិតប្រភេទបេងជិត១០០០ដើម

ខេត្តប៉ៃលិន ៖

ប្រជាពលរដ្ឋជាច្រើននាក់ ដែលដឹកនាំដោយព្រះសង្ឃ សហការជាមួយនឹងមន្ទីរបរិស្ថានខេត្តប៉ៃលិន ម្នាក់ៗ មានការសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដែលបានចូលរួមចំណែកក្នុងការធ្វើដំណើរឡើងភ្នំទៅដាំកូនឈើប្រណិត ប្រភេទបេងជិត១០០០ដើម នៅក្បែររមណីយដ្ឋានក្បាលដំរី ស្ថិតនៅក្នុងភូមិបហ៊ុយត្បួង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីជួយឱ្យមានសោភ័ណភាពបរិស្ថាន និងធ្វើឱ្យមានលំនឹងអាកាសធាតុថែមទៀតផង។ 





បើតាមការរៀបរាប់ពីព្រះតេជគុណ អ៊ា សុផន ព្រះចៅអធិការវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី និងជាព្រះមេគណខេត្តប៉ៃលិន បានមានសង្ឃដិកាថា ៖ នៅក្នុងព្រៃតំបន់បរិស្ថានខេត្តប៉ៃលិន ក្បែររមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី ដែលត្រូវបានព្រះសង្ឃកសាងអាស្រម សម្រាប់ព្រះសង្ឃចូលទៅសំណាក់ធម៌ ដែលមានផ្ទៃដីចំនួនជាង១០ហិកតា ត្រូវបានរៀបចំដាំកូនឈើប្រណីត ប្រភេទបេងជិត១០០០ដើម។ ការដាំកូនឈើប្រណីតនេះ ក្នុងគោលបំណង ជួយការពារទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើតំបន់បរិស្ថាន ដោយបំផុសស្មារតីឱ្យប្រជាពលរដ្ឋ ចេះស្រឡាញ់ព្រៃឈើ រួមគ្នាការពារដើមឈើឱ្យបានគង់វង់ និងជួយ ទប់ស្កាត់គ្រោះធម្មជាតិ ហើយធ្វើឱ្យមានលំនឹងអាកាសធាតុថែមទៀត។ 




ព្រះតេជគុណក៏សូមថ្លែងអំណរគុណដល់ញាតិញោមពុទ្ធបរិស័ទ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចូលរួមចំណែកក្នុងការដាំដើមឈើប្រណីតនេះឡើងវិញ ហើយលើសពីនេះ ក៏មានដាំដើមទុរេន ដើម្បីទទួលបានផល្លានុផល សម្រាប់ធ្វើជាចង្ហាន់ដល់ព្រះសង្ឃនាថ្ងៃខាងមុខផងដែរ។ ចំណែកប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងខេត្តប៉ៃលិន មានការសប្បាយរីករាយ ក្នុងការចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី ព្រោះជារមណីយដ្ឋានថ្មី ដែលទើបនឹងរកឃើញ មានផ្លូវលំបាកបនិ្តច កំរនឹងមានប្រជាពលរដ្ឋ ធ្វើដំណើរទៅលេង ហើយបើសិនជាមានផ្លូវល្អ ប្រជាព លរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ នឹងនាំគ្នាចូលទៅលេងយ៉ាងច្រើនកុះករ គួរឱ្យកត់សម្គាល់ ព្រោះមានទេ សភាពព្រៃឈើស្រស់បំព្រងគួរឱ្យចង់គយគន់៕