ឪពុកម្តាយមិននៅផ្ញើប្អូនស្រីតូចនឹងបងចុង ស្រាប់តែធ្វើសកម្មភាពរំលោភសេពសន្ថវ:

ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវ:ទៅលើប្អូន ស្រីចុងរបស់ខ្លួន ដែលមានអាយុទើបតែ៧ឆ្នាំ ខណ:ដែលឪពុកម្តាយមិននៅ ដោយនាំគ្នាទៅធ្វើការងារនៅក្រុងប៉ោយប៉ែត លុះពេលល្ងាចវិលត្រឡប់មកវិញ ក៏ឃើញកុមារីរងគ្រោះមានឈាមហូរ លុះសួរនាំ ក៏បែកធ្លាយករណីរំលោភ ទើបប្តឹងឱ្យនគរបាលចុះទៅឃាត់ខ្លួនភ្លាមៗតែម្តង។ 

ហេតុការណ៍នគរបាលចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យរំលោភសេពសន្ថវ:ទៅលើប្អូនស្រីចុងរបស់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលអូរកប់អង្ករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យ មាន ឈ្មោះ ឈន សីលី ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅរស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះ ស.ឡ.រ អាយុ០៧ឆ្នាំ រស់នៅក្នុងផ្ទះ និងភូមិជាមួយគ្នា។

ប្រភពបញ្ជាក់ថា ៖ មុនពេលកើតហេតុ ឪពុកម្ដាយរបស់កុមារីរងគ្រោះ បានទៅធ្វើការនៅប៉ោយប៉ែត ដោយទុកឱ្យនាង នៅផ្ទះតែពីរនាក់ជាមួយនឹងជនសង្ស័យ។ នៅពេលម្ដាយក្មេងស្រីជនរងគ្រោះត្រឡប់មកពីធ្វើការវិញ ក៏ស្រាប់តែឃើញក្មេងស្រីរងគ្រោះមានប្រឡាក់ឈាម ហើយក៏បានធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យ ដែលត្រូវជាបងប្រុសចុង (កូនជាមួយប្រពន្ធមុន) បានចាប់រំលោភកុមារីរងគ្រោះដែលត្រូវជាប្អូនស្រីជាច្រើនដង។ ក្រោយពេលសួរនាំ ជនសង្ស័យបានសារភាពថា រូបគេពិតជាធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើប្អូនស្រីចុងរបស់ខ្លួនមែន។ ហើយនគរបាលកំពុងរៀបចំសំនុំរឿង ដើម្បីបញ្ជូនជនសង្ស័យខាងលើទៅកាន់តុលាការខេត្តប៉ៃលិន ឱ្យចាត់ការតាមនីតិវិធី៕