យកស្បែកជើងគប់បុរស២នាក់ ស្មានថា ជាមិត្តភក្តិ លុះពួកគេខឹងក៏ជិះម៉ូតូទៅទាញយកបំពង់ទីប និងខ្សែក្រវ៉ាត់ ដើម្បីប្រយុទ្ធគ្នា តែត្រូវនគរបាលឃាត់ខ្លួន

ខេត្តប៉ៃលិន ៖ 

ជនសង្ស័យ២នាក់ ត្រូវបាននគរបាល ចាប់ឃាត់ខ្លួន ដោយសារតែខឹងគេយកស្បែកជើងគប់ទៅលើខ្លួន ខណ:គេច្រឡំថា ជាមិត្តភក្តិរបស់ខ្លួន (អ្នកគប់) ក៏ជិះម៉ូតូទៅទាញយកបំពង់ទីប និងខ្សែក្រវ៉ាត់ បម្រុងទៅវាយជាមួយនឹងអ្នកដែលស្បែកជើងគប់ តែត្រូវម្តាយអ្នកយកស្បែកជើងគប់ ប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួនភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច ចំណតរថយន្តថ្មី ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ដើមបណ្តឹងមាន ឈ្មោះ នូ ចាន់រដ្ឋា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកជនសង្ស័យទី១. ឈ្មោះ ថៃ ប៊ុនរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ។ ទី២. ជនសង្ស័យទី២ ឈ្មោះ ហ៊ុ ឡុញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទាំង២នាក់ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


មូលហេតុដំបូងនោះគឺដោយកាលពីវេលាម៉ោងប្រហែល១១ និង២៥នាទីយប់ មានជនសង្ស័យចំនួនពីរនាក់ បានចេញពីផឹកស៊ីនៅចំណុចស្ពានតារាប រួចត្រលប់ទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏បានឃើញក្រុម១ទៀត ដែលត្រូវជាកូនរបស់ដើមបណ្តឹង អង្គុយលេងនៅខាងមុខផ្ទះ រំពេចនោះក៏មាននារីម្នាក់ ជាមិត្តភក្តិកូនរបស់ដើមបណ្តឹង បានយកស្បែកជើងគប់ទៅលើជនសង្ស័យ ដោយគប់បែបលេងសើច ព្រោះនឹកស្មានថាជាគ្នាឯង។ ប្រភពបន្តទៀតថា ភ្លាមនោះជនសង្ស័យបានឈប់សួរនាំ ហើយទាស់ពាក្យសម្តីគ្នាជេរបញ្ចោរគ្នាទៅវិញទៅមក។ ក្រោយមកជនសង្ស័យទាំងពីរនាក់បានជិះមូតូទៅផ្ទះ ដើម្បីយកបំពង់ទីប និងខ្សែក្រវ៉ាត់រួច ជិះម៉ូតូត្រលប់ទៅកន្លែងកើតហេតុវិញម្តងទៀត។ គ្រាន់តែដល់កន្លែងកើតហេតុភ្លាម ដោយឃើញជនសង្ស័យមានបំពង់ទីប និងខ្សែក្រវ៉ាត់ ភាគីកូនរបស់ដើមបណ្តឹង ក៏នាំគ្នារត់ចូលទៅក្នុងសំយ៉ាបផ្ទះ រួចយកដុំថ្មគប់ទៅលើជនសង្ស័យ។ តែមិនបង្កឱ្យមានរបួសស្នាមអ្វីនោះទេ។ 


ប្រភពបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងល្បាតរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានល្បាតដល់ចំណុចនោះ ក៏បានអន្តរាគមន៍ តាមចាប់ឃាត់នាំខ្លួនជនសង្ស័យទាំងពីរនាក់ មកកាន់អធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីសាកសួរ។ វត្ថុតាងដកហូតរួមមាន បំពង់ទីប១ដើម ខ្សែក្រវ៉ាត់១ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-4124។ ក្រោយមកនគរបាលក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕