ធ្វើសកម្មភាពលួចយ៉ាងកក្រើកនៅខេត្តប៉ៃលិន ជាប់គុក២ដងហើយនៅតែមិន ចេញមកវិញដើរ លួចទៀត

ខេត្តប៉ៃលិន ៖ 

ក្រោយពីបានទទួលពាក្យបណ្ដឹងករណីលួច ពីជនរងគ្រោះជាមន្រ្តីម្នាក់ ឈ្មោះ សាន់ គុណធា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតដល់វេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់។ ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល០១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពចូលទៅលួចដែកសំណាញ់របងលួស របស់ជនរងគ្រោះចំនួន០១ដុំ ដែលមានទម្ងន់៤៤kg ប្រវែង២២ម៉ែត្រ។ ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលអូរតាវ៉ៅ ចុះស៊ើបអង្កេត និងស្រាវជ្រាវ រហូត ដល់វេលាម៉ោងប្រហែល៥ និង៣៥នាទីល្ងាច ថ្ងៃទី/ខែ/ឆ្នាំដដែល ក៏បានកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បាន ប៊ុនរិត ហៅអាប៉ុម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន យកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ ក៏បែកធ្លាយជាមុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិនចំនួន០២លើក។ 



ប្រភពដដែលបន្តទៀតថា ជាប់គុកលើកទី១ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសាតធាតុញៀន។ ជាប់គុកលើកទី២ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគំរាមកំហែង ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសាតធាតុញៀន។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យឈ្មោះ បាន ប៊ុនរិត ហៅ អាប៉ុម បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចដែកសំណាញ់របងលួស ពិតប្រាកដមែន។ ម្យ៉ាងវិញទៀត កាលពីវេលាម៉ោងប្រហែ ល១ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានលួចដែកសំណាញ់របងលួសរបស់ឈ្មោះ ហ៊ីង លក់ឱ្យអ្នកដើរទិញអេតចាយបានប្រាក់ចំនួន៩,០០០រៀល )ហើយកន្លងមកធ្លាប់លួចសម្ភារៈអ្នកភូមិនៅពេលយប់ចំនួន០៤លើក។ មន្រ្តីនគរបាលបានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាន ដែកសំណាញ់របងលួសចំនួន០១ដុំ ទម្ងន់៤៤kg ប្រវែង២២ម៉ែត្រ ហើយបើយោងពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ចអ នុវត្តតាមនីតិវិធីច្បាប់៕