មន្រ្តីសុរិយោដីខេត្តប៉ៃលិនម្នាក់ ស្រវឹងជោកជាំ បើកម៉ូតូក្នុងល្បឿនលឿន មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ ពេលកំពុងចុះអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឃាត់ខ្លួនអប់រំ

ខេត្តប៉ៃលិន ៖ 

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើងរវាង ម៉ូតូនិងម៉ូតូ បណ្តាលឱ្យរងរបួសទាំងសងខាង លុះពេលកម្លាំងនគរបាលចរាចរណ៍ កំពុងតែទៅវាស់វែងសុខៗ ស្រាប់ តែកាលពីវេលាម៉ោង ០៩ និង៥៦នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានមន្រ្តីសុរិយោដីម្នាក់ បើកបរម៉ូតូ១គ្រឿងម៉ាក Honda click ពណ៌ស ជិះឌុបគ្នា ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ដែលបើកបរដោយឈ្មោះ វឹម សុខណា អាយុ២៨ឆ្នាំ ជាមន្ត្រីសុរិយោដី និងអ្នករួមដំណើរម្នាក់ទៀត បើកបរក្នុងល្បឿនលឿន លុះមន្រ្តីនគរបាលបានលើកដៃធ្វើសញ្ញាចរាចរណ៍ ស្រាប់តែរូបគេមិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ ត្រូវនគរបាលចាប់ឃាត់ខ្លួន បញ្ជូនទៅអប់រំធ្វើកិច្ចសន្យារាងចាល នៅចំណុចមុខយានដ្ឋានជុលរថយន្ត ហាក់ ឃាង ស្ថិតក្នុងភូមិអូច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។





ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញមន្រ្តីសុរិយោដីខាងលើ បាននាំគ្នាទៅអង្គុយផឹកស៊ីជួបជុំមិត្តភក្តិតាំងពីល្ងាច រហូតដល់ពេលយប់ក៏ស្រវឹងជោកជាំ រួចនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែឃើញនគរបាលចរាចរណ៍កំពុងវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៥៧។ តែរូបគេនៅបន្តបំពាន ទើបកម្លាំងជំនាញការិយាល័យចរាចរណ៍ បាននាំខ្លួនអ្នកបើកបរ និងអ្នករួមដំណើរទៅអប់រំណែនាំ និងបានអោយត្រឡប់ទៅផ្ទះរៀងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលអប់រំណែនាំរួចរាល់ មន្រ្តីសុរិយោដីខាងលើ បានសន្យាយ៉ាងញ័រមាត់ថា ខ្លួនលែងហ៊ានប្រព្រឹត្តបែបនេះតទៅទៀតហើយ បើសិនជាឃើញខ្លួនធ្វើបែបមិនគួរសមឱ្យដាក់ពិន័យ និងដាក់ទោសតាមផ្លូវច្បាប់៕