ប្រជាពលរដ្ឋរស់នៅចំណុចក្បាលឡាន ក្នុងភូមិភ្នំស្ពង់ ប្រឈមនឹងការលំបាករកទឹកប្រើប្រាស់ ដោយសារតែការបង្ហូរកាកសំណល់ជ័រស្វាយមានសារធាតុពុលចូលក្នុងអូរ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ អស់រយ:ពេលជាង១ខែហើយ ដែលប្រជាពលរដ្ឋប្រមាណជាង៥០គ្រួសារ រស់នៅចំណុចក្បាលឡាន ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងប្រឈមនឹងការលំបាក រកទឹកប្រើប្រាស់ ក្រោយពីទទួលរងការបង្ហូរទឹកស្អុយមានសារធាតុពុលជ័រស្វាយ របស់ក្រុមហ៊ុនចិន ចេញពីរោងចក្រមួយកន្លែង ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចូលទៅក្នុងអូរ បណ្តាលឱ្យហូរធ្លាក់ទៅខាងក្រោម ងាប់ត្រី ខ្យង ខ្ចៅ និងបង្កក្លិនស្អុយ មិនអាចឱ្យប្រើប្រាស់បាន។ 


បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ឈ្មោះ ឃឹម ធូ ភេទប្រុស អាយុ៥៥ឆ្នាំ ស្រ្តី ឈ្មោះ ស្រីម៉ៅ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ អសរយ:ពេលជាង១ខែមកហើយ ដែលទឹកអូរ នៅចំណុចក្បាលឡាន ទទួលរងនូវការបង្ហូរសារធាតុពុលមកពីលើចូល ដែលបណ្តាលឱ្យពុលត្រីងាប់ ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះទាំងអស់មិនអាចប្រើប្រាស់ទឹកកើតនោះទេ ព្រោះមានក្លិនស្អុយ ខ្លាំង ក៏មានសំបកស្វាយហូរមកជាមួយផងដែរ។ ប្រភពបន្តទៀតថា កាលពីមុនទាន់មានក្រុមហ៊ុនចិន បង្ហូរទឹកស្អុយមានសារធាតុពុលចូលទៅក្នុងទឹកអូរ ពួកគាត់ម្នាក់ៗ តែងតែនាំគ្នាដឹកទឹកនេះ យកទៅប្រើ ប្រាស់ប្រចាំថ្ងៃ បោកខោអាវ ងូត និងចំអិនម្ហូបអាហារជាដើម។ ប៉ុន្តែ ក្រោយពេលទឹកអូរទទួលរងការខូចដោយ សារទឹកស្អុយជាតិពុលហូរចូល ពួកគាត់បានបង្ខំចិត្តនាំគ្នាបើកបរម៉ូតូ ឬរថយន្ត គោយន្តកន្រ្តៃ ទៅដឹកនៅ កន្លែងឆ្ងាយយកមកប្រើប្រាស់ ជួនកាលអ្នកដែលគ្មានមធ្យោបាយធ្វើដំណើរក៏ទិញទឹកពីគេយកមកប្រើប្រាស់ និងទិញទឹកសម្រាប់ហូបផងដែរ។




ទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពេលរាំងភ្លៀងយូរ ថ្ងៃ មិនទាន់ឃើញមានសារធាតុពុលហូរចូលក្នុងអូរទៀតទេ ប៉ុន្តែទឹកអូរនៅតែមិនអាចប្រើប្រាស់កើត ហើយពួកគាត់ក៏សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់កុំឱ្យមានការបង្ហូរទឹកស្អុយមានសារធាតុពុលចូលទៅក្នុងអូរធម្មជាតិបន្តទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី សាមី មេភូមិភ្នំស្ពង់ បានឱ្យដឹងថា ៖ ក្រោយពេលអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញចុះពិនិត្យរួចមក និងហាមប្រាមមិនឱ្យមានការបង្ហូរចូលអូរទៀត រហូតមកដល់ពេល នេះ ទឹកអូរចាប់ផ្តើមថ្លាឡើងវិញ ហើយនៅថ្ងៃខាងមុខ អាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញដូចធម្មតា។ ចំណែកលោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ៖ រហូតមកដល់ពេលនេះ ខាងមន្រ្តីជំនាញ បានចុះទៅណែនាំឱ្យខាងក្រុមហ៊ុនចិនបិទលូទឹកស្អុយមានសារធាតុពុល ឈប់ឱ្យបង្ហូរចូលអូរបន្តទៀត ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ដល់ទឹកអូរប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ៕