ក្មេងតូចជិះកង់អាគុយឌុបគ្នាបត់ឆ្លងផ្លូវ ដោយមិនមើលមុខក្រោយ ត្រូវយុវជនម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនបុកពេញទំហឹងរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ និងក្មេងៗ២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ដែលក្មេងតូចជិះកង់អាគុយឌុបគ្នាបត់ឆ្វេងឆ្លងផ្លូវមិនត្រយ័ត្ន ត្រូវយុវជនម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន បុកចំពេញទំហឹងដួលប្រាវរងរបួសធ្ងន់ស្រាល៣នាក់តែម្តង។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចគល់ស្ពានថ្មអូរតាប្រាង ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ និងខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង និងខូចខាតកង់ប្រើអាគុយកម្រិតស្រាល០១គ្រឿង។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីបង្កមាន ឈ្មោះ រិត លីដាឡែន ភេទស្រី អាយុ១១ឆ្នាំ  មុខរបរសិស្ស រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសបាក់ដៃឆ្វេង )បើកបរកង់ប្រើអាគុយ ពណ៌ផ្កាឈូក ក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងឆ្លងផ្លូវអត់មើលមុខក្រោយ។ ចំណែកភាគីរងគ្រោះ មាន ឈ្មោះ កែវ លីហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1C-7680 ម៉ូតូខូចខាតមធ្យម បើកបរក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន។


ប្រភពបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីកត្តាក្មេងតូចបើកបរកង់ប្រើអាគុយបត់ឆ្វេងឆ្លងផ្លូវមិនគោរពផ្លូវអទិភាព និងយុវជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន ក្នុងទីប្រជុំជន មិនប្រុងប្រយ័ត្ន។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ភាគីទាំងសងខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕