បើកបររថយន្តមិនប្រយ័ត្នរេចង្កូតទៅបុកម៉ូតូបើកបរច្រាស់ទិសគ្នា បណ្តាលរងរបួសម្នាក់ និងស្លាប់ម្នាក់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកែឆ្នៃ បុកជាមួយម៉ូតូ បណ្តាលអោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូកំរិតធ្ងន់០១គ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលេីចំណុចផ្លូវបំបែកជាបី (ផ្លូវចូលទឹកធ្លាក់ភ្នំខៀវ) ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ភាគីបង្ក ជាម្ចាស់ឡានឆ្នៃ (អត់ស្គាល់អត្តសញ្ញាណ) បានបើកឡានឆ្នៃគេចចេញពីកន្លែងកើតហេតុ ក្រោយពេលប៉ះជាមួយជនរងគ្រោះ។ ចំណែកភាគីខាងរងគ្រោះ ឈ្មោះ យ៉ាង សារ៉ង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ  នៅភូមិ អូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1s- 47 83 ក្នុងទិសដៅពីលិចទៅកើត រងរបួសធ្ងន់បាក់ជើងខាងឆ្វេង និងបែកភ្នែកខាងស្តាំ និងអ្នករួមដំណើរ ឈ្មោះ ប៊ុត យ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នាខាងលើ  (រងរបួសធ្ងន់ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត) ។


ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៏បណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានបើកបររថយន្តទៅបុកម៉ូតូពីមុខពេញទំហឹងស្លាប់ និងរបួសតែម្តង។ ទោះបីជាយ៉ាងណា ករណីខាងលើនេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តចុះស៊ើបអង្កេត តាមរកជនបង្កខាងលើមកដោះស្រាយតាមនិតិវិធី ៕