ប្រជាពលរដ្ឋ១គ្រួសារ មានគំនិតច្នៃប្រឌិត ប្រើរូបមន្តដូនតា យកមើមពន្លៃខ្មៅ,អង្ករដំណើបខ្មៅ,មើមខ្ជាយខ្មៅ, និងមើមល្មៀតខ្មៅ ផ្សំចូលគ្នា បង្កើតជាសុរាឱសថជំនួយដល់សុខភាព

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ ១គ្រួសារ រស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបង្កើតគំនិតច្នៃប្រឌិត ថ្មី ដោយប្រើរូបមន្តដូនតារបស់ខ្លួន គឺយកមើមរុក្ខជាតិ បង្កើតទៅជាសុរាឱសថជំនួយដល់សុខភាពរាងកាយ និងព្យាបាលជំងឺមួយចំនួន ខណ:ដែលផលិតប្រចាំថ្ងៃ លក់ឱ្យប្រជាពលរដ្ឋ និងឈ្មួញទិញយកទៅប្រើប្រាស់កាក់កប ស្ទើរតែផលិតមិនទាន់ឡើយ។  



បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ឆៃ ចាន់នី ជាម្ចាស់សិប្បកម្មសុរាឱសថបុរាណជំនួយសុខភាពខាងលើបានរៀបរាប់ឱ្យដឹងថា ៖ សិប្បកម្មសុរាឱសថ ដែលបានច្នៃមកពីមើមឱសថបុរាណនេះ មានយីហោ «កំផែង» មានរសជាតិដូចស្រាថ្នាំបេះបិត មានកម្រិតអាល់កុលទាបេត្រឹម១០ដឺក្រេ ដោយ គ្មានការលាយដំបែរនោះឡើយ។ ប្រភពបន្តទៀតថា ស្រាឱសថបុរាណនេះ ផលិតចេញពីមើមពន្លៃខ្មៅ មើមខ្ជាយខ្មៅ មើមល្មៀតខ្មៅ និងអង្ករដំណើបខ្មៅ យកលាយចូលគ្នាបន្ទុំផ្អាប់ទុករយ:ពេល១ឆ្នាំពេញ ទើបអាចយកទៅជម្រាញ់ផលិតទៅជាសុរាឱសថ ដែលអាចផ្តល់ជំនួយដល់សុខភាពបុរសស្រ្តីគ្រប់វ័យ ពោលគឺបណ្តេញជាតិពុលក្នុងខ្លួន ជួយកាត់បន្ថយការលើសឈាមធ្ងន់ធ្ងរ បញ្ហាទឹកនោមផ្អែម និងសម្រួលការឈឺសន្លាក់សរសៃដៃជើងជាដើម ជាពិសេសមានអ្នកដែលធ្លាប់កើតជំងឺ ត្រូវប្តូរឈាមរៀងរាល់ខែ ក៏ធ្វើឱ្យធូរស្រាល ក្រោយពេលប្រើប្រាស់ស្រាឱសថនេះកន្លងមក។







 ប្រភពបញ្ជាក់ថា ការផលិតស្រាឱសថបុរាណ សម្រាប់ព្យាបាលជំងឺនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១០មកម្លេះ ដោយក្នុង១ដប ចំណុះ១លីត្រ លក់តម្លៃ២០ម៉ឺនរៀល និងចំណុះក្រោម១លីត្រ លក់តម្លៃ១៦ម៉ឺនរៀល។ ហើយចំពោះការប្រើប្រាស់វិញ គឺអ្នកជំងឺ អាចហូបជាមួយនឹងអាហារពេលល្ងាច ពោលគឺបើអ្នកអត់សូវចេះប្រើក្លិនស្រា ត្រូវផឹក៥សេសេម្តង អាចលាយជាមួយទឹកឃ្មុំ តែបើអ្នកចេះហូបស្រា អាចប្រើចាប់ពី១០ទៅ២០សេសេ។ លើសពីនេះ ក្នុង១ខែ រោងសិប្បកម្មរបស់គាត់ អាចផលិតបានត្រឹមតែ២០ទៅ៣០លីត្រប៉ុណ្ណោះ ដោយមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នោះឡើយ ខណ:ដែលមានម៉ូយមកពីក្នុងខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ រហូតដល់រាជធានីភ្នំពេញផងដែរ៕